មន្ត្រីវប្បធម៌ កំពុងខិតខំឲ្យល្ខោនអាប៉េស្ទៀង រស់ឡើងវិញ ក្រោយបាត់បង់អស់ ៣០ឆ្នាំ
(ភ្នំពេញ)៖ នាយកដ្ឋានសិល្បៈទស្សនីយភាព សហការជាមួយ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ និង មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ចាម បានចុះសិក្សាស្រាវជ្រាវ ស៉ើបសួរពីប្រវត្តិល្ខោនអាប៉េស្ទៀង ដែលបានបាត់បង់ជាង ៣០ឆ្នាំមកហើយ។ ការស្រាវជ្រាវ បានធ្វើឡើងនៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២៤។

បើតាមការផ្សាយរបស់នាយកដ្ឋានសិល្បៈទស្សនីយភាព នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៤ បច្ចុប្បន្ននេះ អតីតក្រុមល្ខោនអាប៉េស្ទៀង ភាគច្រើនរស់នៅក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។
កិច្ចសិក្សាស្រាវជ្រាវ មានគោលបំណងដើម្បីប្រមូលព័ត៌មាន និងគ្រោងចងក្រងទុកជាវីដេអូឯកសារ នូវល្ខោនដ៏កម្រមួយនេះសម្រាប់ទុកជាកិច្ចការស្រាវជ្រាវបន្ត។ ពិសេស នាយកដ្ឋានសិល្ប និងមន្ទីរវប្បធម៌ទាំង២ នឹងស្វែងរកយន្តការដើម្បីធ្វើយ៉ាងណាឲ្យល្ខោនអាប៉េស្ទៀង រស់ឡើងវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






