អ្នកជំនាញទេសចរណ៍ថា សន្ទុះភ្ញៀវទេសចរចិន ដែលកក់កញ្ចប់ដំណើរកម្សាន្តនៅរដូវចូលឆ្នាំចិន មានកើនឡើងជាងឆ្នាំមុន
(ភ្នំពេញ)៖ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិចិនខាងមុខនេះ អ្នកប្រកបរបរក្នុងវិស័យទេសចរណ៍បានឱ្យដឹងថា សន្ទុះភ្ញៀវទេសចរចិន ដែលកក់កញ្ចប់សេវាដំណើរកម្សាន្ត និងសេវាមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិន បានកើនឡើងគួរឱ្យកត់សម្គាល់ ស្របពេលដែលសេដ្ឋកិច្ចសាកល បានងើបឡើងវិញបណ្តើរៗ។

លោក អន ហេងសុភ័ក្រ ប្រធានសមាគមមគ្គុទ្ទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៩ ខែមករា ឆ្នាំ២០២៥នេះថា នៅក្នុងអំឡុងបុណ្យចូលឆ្នាំប្រពៃណីចិនឆ្នាំនេះ សម្រាប់ភ្ញៀវទេសចរចិន ដែលបានកក់ក្រុមមគ្គទ្ទេសក៍ មានការកើនឡើងច្រើន ដែលធ្វើឱ្យមគ្គទ្ទេសក៍ភាសាចិន បានទទួលការកក់ស្ទើរគ្រប់គ្នាផងដែរ។
លោកបានឱ្យដឹងថា បើទោះបីជាសេដ្ឋកិច្ចសាកល បានចាប់ផ្តើមងើបឡើងវិញបណ្តើរៗក៏ពិតមែន ប៉ុន្តែនិន្នាការដើកម្សាន្តនៅក្រៅប្រទេសរបស់ជនជាតិចិន នៅមិនទាន់ត្រឡប់ទៅដូចមុនវិបត្តិកូវិតនៅឡើយទេ តែយ៉ាងនេះ លោកមានសុទិដ្ឋិនិយមថា ឆ្នាំ២០២៥នេះកំណើនភ្ញៀវទេសចរចិននឹងមានការកើនឡើងច្រើនជាងឆ្នាំ២០២៤។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានឱ្យដឹងថា សម្រាប់ភ្ញៀវចិនដែលកក់សេវាកម្មទេសចរណ៍ភាគច្រើន នៅក្នុងអំឡុងពេលដើមឆ្នាំនេះ គឺជាអ្នកដែលមានអាជីវកម្ម និងចង់មកសិក្សាការវិនិយោគនៅកម្ពុជា ដោយភាគច្រើនមកខេត្តក្រុងចំនួន៣ គឺរាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងកោះកុង។
លោកបានកត់សម្គាល់ថា យោងតាមអង្គការទេសចរណ៍ពិភពលោក ការចេញដើររបស់ជនជាតិចិន ភាគច្រើនធ្វើឡើងនៅស្រុក ដែលមានប្រមាណជាង ៩ពាន់លាននាក់ ហើយទន្ទឹមនឹងនេះ ក៏មានភ្ញៀវមួយចំនួនទៀត ចេញដើរលេងក្រៅប្រទេសផងដែរ ខណៈកម្ពុជាវិញក៏ទទួលបានភ្ញៀវចិនដែរ ប៉ុន្តែមិនទាន់ទទួលបានតាមផែនការដែលចង់បាន ដូចនេះកម្ពុជាចាំបាច់ត្រូវរៀបចំយុទ្ធសាស្រ្តបន្ថែមទៀត ដើម្បីអូសទាញភ្ញៀវទេសចរចិនមកកម្ពុជានៅឆ្នាំនេះ និងឆ្នាំក្រោយៗទៀត។
លោកលើកឡើងថា ជាទូទៅភ្ញៀវទេសចរដែលចេញដើរកម្សាន្ត គឺត្រូវការសុវត្ថិភាព ដូច្នេះហើយកម្ពុជា ត្រូវបង្ហាញពីការធានាសុវត្ថិភាពដល់ភ្ញៀវ និងលុបបំបាត់ព័ត៌មានមិនល្អ នោះនឹងអាចទទួលបានភ្ញៀវចិនឡើងវិញ។
លោករំពឹងថា បន្ទាប់ពីការដាក់ដំណើរការអាកាសយានដ្ឋានសៀមរាបអង្គរថ្មី និងការត្រៀមដាក់ដំណើរការអាកាសយានដ្ឋានអន្តរជាតិតេជោ នៅក្នុងឆ្នាំ២០២៥នេះ ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងកម្ពុជាចិន នឹងជំរុញឱ្យកម្ពុជាទទួលបានភ្ញៀវទេសចរចិនត្រឡប់មកវិញ ច្រើនដូចមុនការរីករាលដាលកូវីត១៩៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



