ព័ត៌មានជាតិ February 3, 2025

ខែដំបូងឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស

Liny Chan

(ភ្នំពេញ)៖ ក្នុងខែដំបូង ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង៦លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។

ក្នុងខែដំបូង ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ១៤៦,១៤០នាក់ កើន២៦.៤៩% និងទទួលបានចំណូល ៦,៩០៣,៣៨០ដុល្លារអាមេរិក កើនឡើង២៥.៥៦% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។

ខែដំបូង ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ២៩២,២៨០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។

សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News