អភិបាលក្រុងអរិយក្សត្រ អំពាវនាវឱ្យពលរដ្ឋកុំជក់បារី ពេលនៅលើសាឡាង និងទូកចម្លង ព្រោះនាំឲ្យប៉ះពាល់ដល់សុខភាពអ្នកដទៃ
(កណ្ដាល)៖ លោក ចាន់ តារា អភិបាលក្រុងអរិយក្សត្រ បានអំពាវនាវប្រជាពលរដ្ឋដែលធ្វើដំណើរតាមសាឡាង ទូកចម្លង មេត្តាយោគយល់អធ្យាស្រ័យ សូមកុំជក់បារី ព្រោះវាអាចបង្ករផលប៉ះពាល់ដល់សុខភាពអ្នកដទៃដែលកំពុង ធ្វើដំណើរ រួមជាមួយជាពិសេសស្ត្រីមានផ្ទៃពោះ ទារក និងកុមារ ដែលងាយរងគ្រោះពីផ្សែងបារី។

ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០២៥នេះលោក ចាន់ តារា បានបញ្ជាក់ទៀតថា នេះជាការសំណូមពររបស់បងប្អូនពលរដ្ឋ ព្រោះនាពេលកន្លងទៅ អ្នកជក់បារី បានបង្ហុយផ្សែងប៉ះពាល់ដល់ការដកដង្ហើមរបស់អ្នកនៅសាឡាង ដែលបណ្ដាលឲ្យឈ្លក់ និងបង្ករផលប៉ះពាល់ផ្លូវដង្ហើមពួកគាត់ ដែលជាហេតុនាំឲ្យពលរដ្ឋស្នើដល់រដ្ឋបាលក្រុងមេត្តាពិនិត្យលើករណីនេះ ។
ក្រោយដឹងដំណឹងនេះក្នុងនាមជាអភិបាលក្រុង សូមសំណូមពរអ្នកជក់បារីទាំងអស់មេត្តាផ្អាកជក់មួយរយៈសិន ដើម្បីបញ្ចៀសផលប៉ះពាល់អ្នកឆ្លងសាឡាងជាមួយគ្នា និងសូមប្រជាពលរដ្ឋទាំងអស់គួរតែរួមគ្នាធ្វើយុទ្ធនាការកាត់បន្ថយ ឈប់ជក់បារី តាមទីសាធារណៈ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


