ព័ត៌មានជាតិ February 5, 2025

ក្រសួងវប្បធម៌៖ ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស និងធ្វើច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ ប្រវត្តិសាស្រ្ត វប្បធម៌ ពិសេសប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្រ្ទទេវី និងព្រមទទួលខុសត្រូវចំពោះមុខច្បាប់ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះទៀត

Liny Chan

អ្នកលក់អនឡាញល្បីឈ្មោះ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្ដិតមេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពដែលប៉ះពាល់ដល់ ប្រវត្តិសាស្រ្ត សិល្បៈ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ដល់និមិត្តរូប ព្រះនាងឥន្រ្ទទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

យោងតាមសេចក្ដីជូនដំណឹងរបស់ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានឱ្យដឹងថា នៅ វេលាម៉ោង ០៩:០០នាទីព្រឹក ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ មានរៀបចំកិច្ចប្រជុំ ណែនាំមួយ ដោយមានការចូលរួមពីតំណាងក្រសួងវប្បធម៌និងវិចិត្រសិល្បៈ តំណាងសមាគមឧកញ៉ាកម្ពុជា និងតំណាងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ដើម្បីអប់រំណែនាំដល់ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya អំពីសកម្មភាពនានា ក្រោមទម្រង់ជាការសម្តែង ការអត្ថាធិប្បាយ និងការផ្សព្វផ្សាយសកម្មភាពទាំងនេះ ក្នុងបណ្តាញសង្គម ដែលធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់ប្រវត្តិសាស្ត្រ វប្បធម៌ អរិយធម៌ ជាពិសេស ប៉ះពាល់ ដល់និមិត្តរូប ព្រះនាងឥន្ទ្រទេវី ជាទីគោរពសក្ការៈ និងបុព្វបុរសផ្សេងទៀតរបស់ជាតិ។

នៅក្នុងកិច្ចប្រជុំនេះ តំណាងស្ថាប័នពាក់ព័ន្ធបានណែនាំឱ្យឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បញ្ឈប់សកម្មភាពទាំងឡាយ ដែលប៉ះពាល់ដល់ប្រវត្តិសាស្ត្រ សិល្បៈ វប្បធម៌ ប្រពៃណី ជំនឿសាសនា អត្តសញ្ញាណរបស់ជាតិ និងប្រជាជន ព្រមទាំងទម្រង់នៃការស្លៀកពាក់ក្នុងពេលផ្សាយផ្ទាល់ជាសាធារណៈ ដែលប៉ះពាល់ដល់ កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ស្ត្រី។

ឈ្មោះ ឆេង ស្រីរ័ត្ន ហៅ Love Riya បានទទួលស្គាល់កំហុស ទទួលយកការណែនាំ និងបានផ្តិត មេដៃលើកិច្ចសន្យាបញ្ឈប់សកម្មភាពទាំងនេះ និងយល់ព្រមទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន ក្នុងករណីនៅតែបន្តសកម្មភាពទាំងនេះនាពេលខាងមុខ។ សាមីខ្លួនក៏បានសន្យាផងដែរ ថានឹងរៀបចំ ជាវីដេអូឃ្លីបសុំទោសជាសាធារណៈ ទទួលស្គាល់កំហុសដែលបានប្រព្រឹត្តខុសឆ្គង និងសន្យាមិនធ្វើ សកម្មភាពបែបនេះទៀតទេ។

ជាមួយគ្នានេះដែរ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមបន្តអំពាវនាវផងដែរដល់គ្រប់មជ្ឈដ្ឋានទាំងអស់ សូមចៀសវាង នូវសកម្មភាពទាំងឡាយដែលបង្កផលប៉ះពាល់ដល់តម្លៃសិល្បៈវប្បធម៌ ប្រពៃណី មរតកដ៏មានតម្លៃ និងជាអត្តសញ្ញាណជាតិនិងប្រជាជន និងសូមចូលរួមទាំងអស់គ្នា ក្នុងកិច្ចការថែរក្សា ការពារ និងលើក តម្កើងវប្បធម៌ជាតិឱ្យបានគង់វង្ស រុងរឿងតទៅមុខ៕ ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ