សហស្ថាបនិក OpenAI លោក John Schulman កំពុងលាឈប់ពី Anthropic បន្ទាប់ពីនៅទីនោះអស់រយៈពេល ៦ខែ
(បរទេស)៖ ក្រុមហ៊ុនបញ្ញាសិប្បនិម្មិត្ត AI ដ៏ធំរបស់សហរដ្ឋអាមេរិក Anthropic បានប្រកាសនៅថ្ងៃពុធសប្តាហ៍នេះថា លោក John Schulman ដែលជាសហស្ថាបនិក (co-founder) ក្រុមហ៊ុន OpenAI ដែលបានចាប់អារម្មណ៍ចូលរួមជាមួយនឹង Anthropic កាលពីឆ្នាំមុនបានលាឈប់ពីតួនាទីស្រាវជ្រាវបញ្ញាសិប្បនិម្មិត្ត AI របស់លោក។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៥។

លោក Jared Kaplan ប្រធានផ្នែកវិទ្យាសាស្ត្ររបស់ Anthropic បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍តាមអ៊ីមែលទៅកាន់ Reuters ថា «យើងពិតជាមានការសោកស្ដាយដែលឃើញ John ចាកចេញទៅ ប៉ុន្តែយើងនៅតែគាំទ្រយ៉ាងពេញទំហឹងចំពោះការសម្រេចចិត្តរបស់លោកក្នុងការស្វែងរកឱកាសថ្មីៗ និងសូមជូនពរឱ្យលោកជួបតែសំណាងល្អ»។ តែយ៉ាងណា មិនមានរបាយការណ៍បង្ហាញនោះទេ ថាលោក Schulman កាន់គម្រោងអ្វីនៅ Anthropic នោះ។
លោក Schulman បានចាកចេញពីក្រុមហ៊ុន OpenAI កាលពីខែសីហា ឆ្នាំ២០២៤ ដើម្បីចូលរួមជាមួយ Anthropic ក្នុងគោលបំណងផ្តោតអារម្មណ៍លើបច្ចេកវិទ្យា AI។ លោកបាននិយាយថា លោកចង់ធ្វើឱ្យការផ្តោតអារម្មណ៍របស់លោកកាន់តែស៊ីជម្រៅលើ AI ហើយនឹងចាប់ផ្តើមជំពូកថ្មីនៃអាជីពរបស់លោកដែលជាកន្លែងដែលអាចត្រលប់ទៅការងារបច្ចេកទេសដោយដៃវិញ។
គួរជម្រាបថា Anthropic គឺជាក្រុមហ៊ុនប្រកួតប្រជែងដ៏ខ្លាំងរបស់ OpenAI, ថ្មីៗនេះប្រាក់ចំណូលប្រចាំឆ្នាំបានឈានដល់ ៨៧៥លានដុល្លារ តាមរយៈការលក់ដំណើរការចូលប្រើប្រាស់ AI របស់ខ្លូន រួមទាំងសេវាកម្មភាគីទីបី និង Amazon Web Services។ បន្ថែមពីនេះ Anthropic ត្រូវបានគេព្យាករណ៍ថា នឹងរកប្រាក់ចំណូលបាន ១ពាន់លានដុល្លារនៅឆ្នាំ២០២៥នេះ ដែលតំណាឱ្យការកើនឡើង ១០០០% ពីមួយឆ្នាំទៅមួយឆ្នាំ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News







