ព័ត៌មានជាតិ February 12, 2025

ការប្រកួតស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដឆ្នាំនេះ នឹងរៀបចំកាន់តែពិសេស ដ្បិតមានការចម្រាញ់និស្សិតឆ្នើម ចូលរួមលើកដំបូង

Liny Chan

(ភ្នំពេញ)៖ ការប្រកួតកីឡាអុកចត្រង្គ ដើម្បីស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ឆ្នាំ២០២៥ នឹងត្រូវបន្ដរៀបចំ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នាខែមេសាខាងមុខ ខណៈនឹងមានការរៀបចំកាន់តែពិសេស ដោយការប្រកួតជម្រុះតាមសាកលវិទ្យាល័យ ដើម្បីស្វែងរកនិស្សិតឆ្នើម ២រូប ចូលរួមការប្រកួតជុំផ្ដាច់ព្រ័ត្រលើកដំបូង។

នេះបើតាមការលើកឡើងរបស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) ក្រោយជំនួបពិភាក្សាការងារ និងបន្ស៊ីគ្នាលើការរៀបចំការប្រកួតកីឡាអុកចត្រង្គអង្គរសង្ក្រាន្ដ ជាមួយលោក ហេង សុខគង់ ប្រធានក្រុមការងាររៀបចំការប្រកួត និងតាំងបង្ហាញបញ្ជ្រាបការយល់ដឹងអំពីល្បែងអុកចត្រង្គខ្មែរ នៅទីស្នាក់ការ NOCC កាលពីល្ងាចថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៥។

លោកបន្ដថា ការប្រកួតឆ្នាំនេះ នឹងត្រូវរៀបចំកាន់តែពិសេស និងមានអត្ថន័យកាន់តែស៊ីជម្រៅជាងឆ្នាំមុន ជាក់ស្ដែងក្រៅពីការប្រកួតស្វែងរក «ស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ» ដែលនឹងចាប់ផ្ដើមការប្រកួតជម្រុះពីខែមីនា រហូតដល់កំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ដើម្បីរៀបចំការប្រកួតជុំផ្ដាច់ព្រ័ត្រ។ អ្វីដែលពិសេសគឺការបន្ថែមនូវការប្រកួតជម្រុះស្វែងរកនិស្សិតឆ្នើមឡើងទៅជុំផ្ដាច់ព្រ័ត្រ ដែលជាគំនិតផ្ដួចផ្ដើមរបស់លោកឧបនាយករដ្ឋមន្ដ្រី ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា។

អគ្គលេខាធិការ NOCC ដដែលបន្ថែមថា «ការប្រកួតជម្រុះឆ្នាំនេះ មានលក្ខណៈពិសេសជាងឆ្នាំមុនៗ ដោយសារយើងមានបន្ថែម ការប្រកួតស្វែងរកនិស្សិមឆ្នើមផ្នែកអុកចត្រង្គ តាមសាកលវិទ្យាល័យនានា ដើម្បីស្វែងរកអ្នកមានទេពកោសល្យ ២រូប ពោលគឺនិស្សិត ដែលឡើងវគ្គផ្ដាច់ព្រ័ត្រ ពួកគាត់នឹងទទួលបានការរៀបចំឲ្យចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រ ដើម្បីស្វែងរកស្ដេចអុកចត្រង្គអង្គរសង្ក្រាន្ដ។ ចង់មិនចង់ អាចនិស្សិតរបស់យើង ក្លាយជាស្ដេចអុកក៏ថាបាន។ ដូច្នេះសូមលើកទឹកចិត្តនិស្សិតចូលចិត្តលេងអុកចត្រង្គចូលរួមឲ្យបានច្រើន»។

សម្រាប់ការប្រកួតជម្រុះឆ្នាំនេះ នឹងបែងចែកជា ៨តំបន់ (រាជធានី-ខេត្ត) ក្រោមកិច្ចសហការរវាង ស.ស.យ.ក និងសហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ហើយក្នុងមួយតំបន់យកកីឡាករជយលាភីម្នាក់ សរុប ៨នាក់ បូកជាមួយបេក្ខភាពនិស្សិតឆ្នើម ២នាក់ ដើម្បីឡើងទៅប្រកួតជុំផ្ដាច់ព្រ័ត្រ នៅមុខប្រាសាទអង្គរវត្ត។ «នេះគឺជាការបំផុសចលនាមួយ ដើម្បីជំរុញការផ្សព្វផ្សាយ និងស្វែងយល់នូវបញ្ញាស្មារតី ក្នុងការលេងកីឡាអុចត្រង្គខ្មែរយើងកាន់តែផុសផុលថែមទៀត» លោក វ៉ាត់ ចំរើន បន្ថែម។

ក្រៅពីការប្រកួតខាងលើ ក្នុងបរិវេណឆាកប្រកួតអុកចត្រង្គនោះដែរ នឹងមានការបង្ហាញនូវអុកយក្ស ក៏ដូចជាការផ្សព្វផ្សាយ និងអប់រំ អំពីប្រវត្តិអុកចត្រង្គ ក៏ដូចជាទស្សនទាន សម្រាប់ល្បែងប្រពៃណីជាតិខ្មែរនេះ តាមរយៈការរៀបចំនូវវេទិកាសំណួរចម្លើយ ក៏ដូចជាការបង្ហាត់បង្រៀនអំពីរបៀបលេងកីឡាអុកចត្រង្គនេះផងដែរ ដើម្បីឲ្យអ្នកមិនចេះសោះ ចេះលេង ហើយអ្នកចេះលេង កាន់តែពូកែ។ នេះគឺជាការងារសំខាន់មួយទៀត ដែល NOCC និងសហព័ន្ធ នឹងធ្វើការជាមួយ ស.ស.យ.ក ក្នុងការបញ្ជ្រាបចំណេះដឹង ឲ្យប្រជាពលរដ្ឋ ដែលចូលរួមព្រឹត្តិការណ៍អង្គរសង្ក្រាន្ដ បានចូលរួមលេង ស្វែងយល់ ពិសេសស្រលាញ់ និងចូលរួមថែរក្សា និងអភិរក្សនូវព្រលឹងវប្បធម៌នៃប្រភេទកីឡាប្រពៃណីខ្មែរនេះ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News