PR February 13, 2025

ក្រុមជើងខ្លាំងចំនួន ២ នឹងត្រូវកាត់ចេញពីតេជោលីគ បើទោះបីមិនទាន់ចប់ជុំទី២

Liny Chan

ភ្នំពេញ៖ ការប្រកួតដណ្ដើមពានរង្វាន់” តេជោលីគ” រដូវកាលទី២ ឆ្នាំ២០២៥ ដែលមានការឧបត្ថម្ភធំផ្ដាច់មុខពីក្រុមហ៊ុន Ganzberg បាននិងកំពុងមានការប្រកួតប្រជែងយ៉ាងខ្លាំងក្លាពីសំណាក់ក្រុមទាំង៦ នៅវគ្គសន្សំពិន្ទុជុំទី២។ ក្រុមខ្លាំងទាំង៦នោះមានដូចជា ក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស សមាគមបាល់ទះក្រសួងមហាផ្ទៃ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សមាគមបាល់ទះវិសាខា និងក្លឹបបាល់ទះកងពលធំអន្តរាគមន៍លេខ៣។


នៅជុំទី២ បើទោះបីជាមិនទាន់ចប់ក៏ពិតមែន ប៉ុន្តែគេមើលឃើញថា ២ក្រុមនឹងត្រូវកាត់ចេញពីការប្រកួតតេជោលីគមុនគេ គឺ ជើងឯករងតេជោលីគរដូវកាលទី១ សមាគមបាល់ទះវិសាខា និងក្លឹបប្រើធន់ធានកីឡាករខ្មែរសុទ្ធសាធ កងពលធំអន្តរាគមន៍លេខ៣។ កាត់ចេញដោយសារតែក្រុមទាំង២ នេះ ឆ្លងកាត់ទាំង ៣ប្រកួត ចាញ់ទាំង ៣ប្រកួត មាន ០ ពិន្ទុនៅបាតតារាង ហើយ ២ប្រកួតក្រោយៗក្រុមទាំង ២ជួបសុទ្ធតែក្រុមខ្លាំងៗ។


ដោយឡែកក្រុមផ្សេងធ្វើបានល្អខ្លាំងតួយ៉ាងក្លឹបបាល់ទះស្នងការដ្ឋាននគបាលខេត្តស្វាយរៀង ៣ប្រកួតឈ្នះទាំង ៣ប្រកួត លុតគូប្រកួត ៣ សិត ០ មាន ៩ពិន្ទុ ឈរលេខ១នៅតារាងចំណាត់ថ្នាក់។ ក្លឹបបាល់ទះក្រសួងមហាផ្ទៃ ៣ប្រកួតឈ្នះទាំង ៣មាន ៩ពិន្ទុ ក្លឹបបាល់ទះស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញឈ្នះ២ ចាញ់១ មាន ៣ពិន្ទុ និងក្លឹបបាល់ទះបញ្ជាការដ្ឋានអង្គរក្ស ឈ្នះ១ ចាញ់២ មាន ៣ពិន្ទុ។
 
ថ្ងៃទី១៥ កុម្ភះ ឆ្នាំ២០២៥ ក្រុមសមាគមបាល់ទះវិសាខាត្រូវជួបកងពលធំអន្តរាគមន៍លេខ៣ ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ សមាគមន៍បាល់ទះវិសាខាជួបជាមួយក្រសួងមហាផ្ទៃ ខណៈកងពលធំអន្តរាគមន៍លេខ៣ ជួបជាមួយក្លឹបបាល់ទះបញ្ជាការដ្ឋានអង្ករក្ស។

សូមប្រិយមិត្តទៅចូលទស្សនាទាំងអស់គ្នាដើម្បីជាកម្លាំងចិត្តដល់កីឡាករ រៀងរាល់ចុងសប្ដាហ៍ ថ្ងៃសៅរ៍ និងអាទិត្យ ចាប់ពីម៉ោង ១រសៀលតទៅ។​ GANZBERG ស្រឡាញ់បាល់ទះ GANZBERG លើកស្ទួយវិស័យបាល់ទះឡើងដល់កម្រិតពិភពលោក។ តស់! ណាត់សម្លាញ់យើងទាំងអស់គ្នាទៅមើលបាល់ទះ និងចែករំលែកដើម្បីលើកទឹកចិត្តដល់កីឡាករទាំងអស់បន្តប្រឹងប្រែងប្រកួតប្រជែង ហ្វឹកហាត់ ក្នុងការចូលរួមអភិវឌ្ឍបាល់ទះនៅក្នុងព្រះរាជាណាចក្រកម្ពុជាឲ្យកាន់តែខ្លាំងក្លា៕