Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅខណ្ឌច្បារអំពៅ, ម្ចាស់ទីតាំងជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន

    BY Liny Chan February 14, 2025
    កម្លាំងសមត្ថកិច្ចបង្ក្រាបទឹកឃ្មុំក្លែងក្លាយជិត២០តោន ដែលគ្មានប្រភពច្បាស់លាស់នៅខណ្ឌច្បារអំពៅ, ម្ចាស់ទីតាំងជនជាតិវៀតណាមត្រូវបានឃាត់ខ្លួន

    (ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២៥នេះ កម្លាំងជំនាញការិយាល័យប្រឆាំងបទល្មើសកម្មសិទ្ធិបញ្ញា នៃនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច សហការជាមួយមន្ដ្រីសាខា ក.ប.ប រាជធានីភ្នំពេញ និងមន្ត្រីជំនាញ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះបង្រ្កាបទីតាំងក្រុមហ៊ុន CHAN HONEY IMPORT EXPORT CO.,LTD ស្ថិតនៅផ្ទះលេខ៧៦ ផ្លូវបេតុង ភូមិតាងៅកណ្តាល សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលសង្ស័យធ្វើការនាំចូល ស្តុកទុក ទឹកឃ្មុំក្លែងបន្លំប្រភពដើមទំនិញ។

    ក្នុងការត្រួតពិនិត្យជាក់ស្តែង ក្រោមការសម្របសម្រួលពីលោក ឆាយ ហុង ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ សមត្ថកិច្ចចម្រុះបានរកឃើញ ទឹកឃ្មុំសរុបចំនួន ១៣០ធុង ដែលមានទំងន់សរុប១៩,៨៩០គីឡូក្រាម។

    ដោយមានភាពសង្ស័យចំពោះទឹកឃ្មុំទាំងអស់ អាចជាផលិតផលក្លែងបន្លំប្រភព លោកព្រះរាជអាជ្ញារងបានសម្រេចឲ្យសមត្ថកិច្ចធ្វើការដកហូតជាបណ្តោះអាសន្ន ដោយរក្សាទុកនៅក្នុងទីតាំងក្រុមហ៊ុនរួចធ្វើការបិទផ្លុំបេរ ដើម្បីធ្វើការត្រួតពិនិត្យបន្ត និងបាននាំខ្លួនម្ចាស់ទីតាំងជនជាតិវៀតណាម និងបុគ្គលពាក់ព័ន្ធទៅសាកសួរបំភ្លឺ នៅនាយកដ្ឋាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ដើម្បីបន្តនីតិវិធី។

    ជាមួយគ្នានេះ សមត្ថកិច្ចសូមធ្វើការផ្តាំផ្ញើដល់ប្រជាពលរដ្ឋ សូមរួមគ្នាគោរពច្បាប់ទាំងអស់គ្នា ដើម្បីលើកកម្ពស់កិតិ្តយស កេរ្ត៍ឈ្មោះរបស់កម្ពុជា ក៏ដូចជាទំនុកចិត្តពីអ្នកវិនិយោគទុន ហើយបើមានព័ត៌មាន ឬក៏សង្ស័យពីការស្តុកទុកទំនិញក្លែងបន្លំប្រភព សូមធ្វើការរាយការណ៍ដល់សមត្ថកិច្ច ដើម្បីមានវិធានការឲ្យបានទាន់ពេលវេលា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: