Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ថវិកា ៦០លានដុល្លារ សម្រាប់ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥

    BY Liny Chan February 17, 2025
    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត សម្រេចផ្ដល់ថវិកា ៦០លានដុល្លារ សម្រាប់ពង្រីកការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅខេត្តចំនួន៥

    (ភ្នំពេញ)៖ សម្តេចមហាបរវធិបតី ហ៊ុន​​ ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ឱ្យដឹងថា ការផ្គត់ផ្គង់ទឹកស្អាតជូនប្រជាពលរដ្ឋ គឺជាកិច្ចការមួយដែលរាជរដ្ឋាភិបាល បានយកចិត្តទុកដាក់ខ្លាំងជាច្រើនអាណត្តិមកហើយ។ ជាលទ្ធផល រាជរដ្ឋាភិបាលបានកសាងបណ្ដាញទឹកស្អាត ដែលគ្របដណ្ដប់តំបន់ជាច្រើន នៅតាមបណ្ដារាជធានី-ខេត្ត នៅទូទាំងប្រទេស។

    ទោះជាយ៉ាងនេះក៏ដោយ ដោយសារកំណើនប្រជាពលរដ្ឋ ដែលធ្វើឱ្យតម្រូវការផ្គត់ផ្គង់ទឹកស្អាតកាន់តែមានច្រើនឡើងជាលំដាប់ ជាពិសេសនៅតំបន់ជនបទ និងតំបន់ដែលកកើតថ្មីៗជុំវិញទីក្រុងនិងទីប្រជុំជនធំៗ។

    ដើម្បីឆ្លើយតបនឹងការកើនឡើងនៃតម្រូវការរបស់ប្រជាពលរដ្ឋ រាជរដ្ឋាភិបាលបានធ្វើការវិនិយោគជាបន្តបន្ទាប់នៅក្នុងការបង្កើនសមត្ថភាពផលិតទឹកស្អាតផ្ដល់ជូនប្រជាពលរដ្ឋ។ ថ្មីៗនេះ ក្នុងនាមជាប្រមុខរាជរដ្ឋាភិបាល សម្តេចបានសម្រេចផ្ដល់ថវិកាចំនួន ៦០លានដុល្លារអាមេរិកក្នុងរយៈពេលបីឆ្នាំ តាមសំណើរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សម្រាប់ធ្វើការវិនិយោគពង្រីកហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងបណ្ដាញទឹកស្អាត ដើម្បីផ្គត់ផ្គង់ជូនប្រជាពលរដ្ឋនៅ ៥ខេត្ត ដែលរួមមាន៖

    ១៖ រដ្ឋករទឹកកំពត ខេត្តកំពត
    ២៖ រដ្ឋករទឹកស្វាយរៀង ខេត្តស្វាយរៀង
    ៣៖​ រដ្ឋករទឹកក្រុងស្ទឹងសែន ខេត្តកំពង់ធំ
    ៤៖ រដ្ឋករទឹកមណ្ឌលគីរី ខេត្តមណ្ឌលគីរី
    ៥៖ រដ្ឋករទឹកពោធិ៍សាត់ ខេត្តពោធិ៍សាត់

    សម្តេចបានបញ្ជាក់បន្ថែមថា «យើងនឹងបន្តកិច្ចការងារនេះជាជំហានៗ រហូតដល់បណ្ដាញទឹកស្អាត មានលទ្ធភាពគ្របដណ្តប់ទូទាំងប្រទេសនៅថ្ងៃអនាគត»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: