ព័ត៌មានជាតិ February 19, 2025

ក្រុមហ៊ុន Honda ត្រៀមខ្លួនចរចាជាថ្មីអំពីសម្ព័ន្ធភាព បើនាយកប្រតិបត្តិក្រុមហ៊ុន Nissan ចុះចេញពីតំណែង

Liny Chan

(តូក្យូ)៖ ក្រុមហ៊ុន Honda មានឆន្ទៈបន្តការចរចារឡើងវិញ ជាមួយក្រុមហ៊ុន Nissan ដើម្បីបង្កើតបានជាក្រុមហ៊ុនផលិតរថយន្តធំជាងគេទី៤ ក្នុងពិភពលោក ដរាបណានាយកប្រតិបត្តិក្រុមហ៊ុន Nissan លោក Makoto Uchida ចុះចេញពីតំណែង។ នេះបើយោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ។

កាលពីសប្តាហ៍មុន ការចរចាអំពីការច្របាច់បញ្ចូលគ្នារវាងក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតរថយន្តធំទីពីរ និងក្រុមហ៊ុន Nissan ដែលជាក្រុមហ៊ុនធំទីបីរបស់ប្រទេសជប៉ុន បានដួលរលំដែលបណ្តាលឱ្យបញ្ចប់ផែនការបង្កើតក្រុមហ៊ុនផលិតរថយន្តរួមគ្នាមួយ ដែលមានតម្លៃ ៦០ពាន់លានដុល្លារ។

ការដួលរលំការចរចានេះបានធ្វើឱ្យក្រុមហ៊ុន Nissan ធ្លាក់ចូលទៅក្នុងភាពមិនច្បាស់លាស់បន្ថែមទៀត និងបង្ហាញពីសម្ពាធលើក្រុមហ៊ុនផលិតរថយន្តមួយនេះ ពីគូប្រជែងរបស់ប្រទេសចិន ដែលអាក់ខានដល់ឧស្សាហកម្មរថយន្ត។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ ដោយដកស្រង់សេចក្ដីរាយការណ៍ដោយកាសែត Financial Times (FT) ដែលបានរាយការណ៍កាលពីថ្ងៃចន្ទថា ក្រុមហ៊ុន Honda មានឆន្ទៈក្នុងការធ្វើឱ្យការចរចាររស់ឡើងវិញ ស្ថិតក្រោមនាយកប្រតិបត្តិថ្មី ដែលអាចគ្រប់គ្រងការប្រឆាំងផ្ទៃប្រកបដោយប្រសិទ្ធភាពជាងមុន។

សេចក្តីរាយការណ៍របស់កាសែត FT បានឱ្យដឹងថា លោក Uchida បានបង្ហាញចេតនារបស់គាត់ក្នុងការបន្តការងារជានាយកប្រតិបត្តិរហូតដល់ឆ្នាំ២០២៦ ប៉ុន្តែកំពុងប្រឈមនឹងសម្ពាធឱ្យចុះចេញពីតំណែង នៅក្នុងរយៈពេលប៉ុន្មានខែខាងមុខនេះ ពីសមាជិកក្រុមប្រឹក្សាភិបាល និងក្រុមហ៊ុនជាដៃគូ Renault បន្ទាប់ពីការគ្រប់គ្រងការចរចាមិនត្រឹមត្រូវរបស់គាត់ សម្រាប់កិច្ចព្រមព្រៀងដែលមានទំហំទឹកប្រាក់ដ៏ច្រើនជាមួយក្រុមហ៊ុន Honda នេះ។

យោងតាមសេចក្តីរាយការណ៍ដដែលនេះបានឱ្យដឹងថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Nissan ក៏បានចាប់ផ្តើមការពិភាក្សាក្រៅផ្លូវការទាក់ទងនឹងពេលវេលា នៃការចាកចេញរបស់លោក Uchida ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News