Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង លើការងារសង្គ្រោះអគ្គិភ័យ គិតជាទឹកប្រាក់ជាង២៣ម៉ឺនដុល្លារ

    BY Liny Chan February 19, 2025
    ស្ថានទូតជប៉ុន និងរដ្ឋបាលរាជធានីភ្នំពេញ ចុះហត្ថលេខាលើកិច្ចសន្យាផ្តល់ជំនួយឥតសំណង លើការងារសង្គ្រោះអគ្គិភ័យ គិតជាទឹកប្រាក់ជាង២៣ម៉ឺនដុល្លារ

    (ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ស្ថានទូតជប៉ុនប្រចាំកម្ពុជា និងរដ្ឋបាលរាជធានីភ្នំពេញ បានចុះហត្ថលេខាផ្ដល់ជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន សម្រាប់គម្រោងទ្រង់ទ្រាយតូចសន្ដិសុខមនុស្សជាតិ (គូសាណូណិ) ដើម្បីអនុវត្តគម្រោងចំនួន២សំខាន់ៗ។

    ពិធីចុះហត្ថលេខានេះ ធ្វើឡើងដោយលោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

    គម្រោងចំនួន២ ដែលត្រូវបានចុះហត្ថលេខាផ្ដល់់ជំនួយនេះ រួមមាន៖

    *ទី១៖ គម្រោងធ្វើលទ្ធកម្មរថយន្តបាញ់ផ្សែងរបស់ជប៉ុន នៅរាជធានីភ្នំពេញ ក្នុងថវិកាគម្រោង ចំនួន៨៣,៦៧២ដុល្លារអាមេរិក។ រថយន្តនេះ មានមុខងារនឹងជួយឲ្យក្រុមការងារពន្លត់អគ្គិភ័យ មានលទ្ធភាពបាញ់ផ្សែងចេញពីអគារមានឧប្បត្តិហេតុអគ្គិភ័យ និងបង្កលក្ខណៈងាយស្រួលដល់ប្រតិបត្តិការសង្រ្គោះ។

    *ទី២៖ គម្រោងធ្វើលទ្ធកម្មរថយន្តពន្លត់អគិ្គភ័យ និងរថយន្តសង្រ្គោះបន្ទាន់ដែលប្រើប្រាស់រួច ក្នុងរាជធានីភ្នំពេញ ក្នុងថវិកាគម្រោងចំនួន១៥៤,៣៧៦ដុល្លារអាមេរិក។ គម្រោងនេះនឹងផ្តល់ជូននូវរថយន្តសង្រ្គោះបន្ទាន់ ចំនួន១គ្រឿង ជាប្រភេទពន្លត់អគ្គិភ័យ និងរថយន្តពន្លត់អគ្គិភ័យបំពាក់ជណ្តើរកម្ពស់៤០ម៉ែត្រ ចំនួន១គ្រឿង។

    លោក ឃួង ស្រេង បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈស្ថានទូតជប៉ុន ដែលបានផ្តល់ជំនួយឧបត្ថម្ភជា ថវិកា សម្ភារ និងបច្ចេកទេសក្នុងដំណើរការស្តារ កសាង និងអភិវឌ្ឍន៍រាជធានីភ្នំពេញ ជារៀងរហូតមក ជាពិសេសគម្រោងដែលបានចុះហត្ថលេខានាពេលនេះ។ គម្រោងនេះ មិនត្រឹមតែបានគាំទ្រដល់ការធ្វើឲ្យប្រសើរឡើងនូវសមត្ថភាពពន្លត់អគ្គិភ័យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានរួមចំណែកយ៉ាងសំខាន់ក្នុងការរឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ (កម្ពុជា-ជប៉ុន) ឲ្យកាន់តែរឹងមាំ និងស្ថិតស្ថេរគង់វង្សជានិច្ចនិរន្តន៍។

    លោកអភិបាលរាជធានី បានបង្ហាញក្តីសង្ឈឹមយ៉ាងមុតមាំថា តាមរយៈការផ្តល់ជំនួយបច្ចេកទេស និងរថយន្តពន្លត់អគ្គិភ័យនាពេលនេះ គឺជាតម្រូវការចាំបាច់ចំពោះមុខ និងទាន់ពេលវេលា ដើម្បីធានាដល់ប្រសិទ្ធភាព នៃការអន្តរាគមន៍ពន្លត់អគ្គិភ័យ ក្នុងរាជធានីភ្នំពេញកាន់តែប្រសើរឡើង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: