Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    អាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងបូមខ្សាច់មិនមានច្បាប់អនុញ្ញាតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ក្នុងស្រុកស្រែអំបិល

    BY Liny Chan February 20, 2025
    អាជ្ញាធរខេត្តកោះកុង និងខេត្តព្រះសីហនុ ចុះបង្ក្រាបទីតាំងបូមខ្សាច់មិនមានច្បាប់អនុញ្ញាតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ក្នុងស្រុកស្រែអំបិល

    (កោះកុង)៖ លោក ហាក់ ឡេង  អភិបាលរងខេត្តកោះកុង បានដឹកនាំមន្ត្រីមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មន្ត្រីបរិស្ថាន អាជ្ញាធរស្រុក កម្លាំងអាវុធហត្ថ និងនគរបាល រួមសហការជាមួយអាជ្ញាធរស្រុកកំពង់សិលា ខេត្តព្រះសីហនុ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ បានចុះបង្ក្រាប់ទីតាំងបូមខ្សាច់១កន្លែង ដែលគ្មានច្បាប់អនុញ្ញាត ស្ថិតនៅតំបន់អភិរក្សធនធានធម្មជាតិអណ្តើកហ្លូង ជាប់ស្រុកស្រែអំបិល ខេត្តព្រះសីហនុ។

    លោក ហាក់ ឡេង បានឱ្យដឹងថា ដោយមានការចង្អុលបង្ហាញពីលោកស្រី មិថុនា ភូថង អភិបាលខេត្ត ក្នុងការការពារធនធានធម្មជាតិ និងអភិរក្សសត្វអណ្តើកហ្លូង ដែលជាសត្វដ៏កម្រ លោកស្រីអភិបាលខេត្ត បានដាក់បទបញ្ជាឱ្យចុះពិនិត្យ និងធ្វើបង្រ្កាបទីតាំងបូមខ្សាច់១កន្លែង ដែលមានព្រំប្រទល់ជាមួយស្រុកស្រែអំបិល និងស្រុកកំពង់សិលា។

    លោក ហាក់ ឡេង បានបន្តថា អាជីវកម្មបូមខ្សាចមួយនេះពុំមានច្បាប់អនុញ្ញាតឱ្យធ្វើអាជីវកម្មបូមខ្សាច់ ចេញពីអាជ្ញាធរ ឬសាមីមន្ទីរពាក់ព័ន្ធណាមួយឡើយ។ អាជីវកម្មបូមខ្សាច់មួយនេះ បានធ្វើអាជីវកម្មបូមខ្សាចដោយលួចលាក់ ហើយស្ថិតក្នុងតំបន់អភិរក្ស សត្វអណ្តើកហ្លូង ដែលជាសត្វដ៍កម្រថែមទៀតផង។

    លោកថា «ដើម្បីការពារធនធានធម្មជាតិ អាជ្ញាធរខេត្តបានបង្រ្កាបបានរឹបអូសវត្ថុតាងដូចជា៖ អេចស្កាទ័រ១គ្រឿង, ម៉ាស៊ីនបូមខ្សាច់១គ្រឿង, ទូកសម្រាប់ចម្លង២គ្រឿង, ទុយោបូមខ្សាច២១០ម៉ែត្រ, ម៉ាស៊ីនរែងខ្សាច់១ឈុត កាំមេរ៉ា២គ្រឿង។ ចំពោះម្ចាស់អាជីវកម្ម បានរត់គេចខ្លួនបាត់ហើយ»។

    បើតាមលោក ហាក់ ឡេង, ទីតាំងនេះកាលពីឆ្នាំ២០២៣ អាជ្ញាធរបានបង្រ្កាបម្តងរួចហើយ ដោយបានពិន័យ និងធ្វើកិច្ចសន្យាបញ្ឈប់ការធ្វើអាជីវកម្មបូមខ្សាច់ដែលគ្មានច្បាប់អនុញ្ញាត តែម្ចាស់អាជីវកម្មមួយនេះ មិនរាងចាលមិនញញើតពីច្បាប់ឡើយ។

    ម្ចាស់អាជីវកម្មរូបនេះ បានលួចធ្វើអាជីវកម្មបូមខ្សាច់ក្នុងឆ្នាំ២០២៥នេះបន្តទៀត ទើបអាជ្ញាធរបង្ក្រាប និងរឹបអូសគ្រឿងចក្រជាវត្ថុតាង ដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមច្បាប់។ នេះជាការបន្ថែមរបស់លោក ហាក់ ឡេង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: