Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈបង្កើត Group Telegram ក្លែងក្លាយដើម្បីកៀរគរប្រាក់វិនិយោគ ហើយថែមទាំងដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀត

    BY Liny Chan February 21, 2025
    ចាប់ខ្លួនជនសង្ស័យ ២នាក់ ដែលបោកលុយពីពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈបង្កើត Group Telegram ក្លែងក្លាយដើម្បីកៀរគរប្រាក់វិនិយោគ ហើយថែមទាំងដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចតេជោ ហ៊ុន សែន ថែមទៀត

    (ភ្នំពេញ)៖​ ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវកម្លាំងសមត្ថកិច្ចជំនាញស្រាវជ្រាវ និងឃាត់ខ្លួនបាន ក្រោយបោកប្រាស់លុយពីប្រជាពលរដ្ឋជាង ១៨ម៉ឺនដុល្លារ តាមរយៈការបង្កើតក្រុមតេឡេក្រាម (Group Telegram) ក្លែងក្លាយ ដើម្បីកៀរគរប្រាក់វិនិយោគដោយទទួលបានប្រាក់ចំណេញច្រើន ក្នុងរយៈពេលខ្លី ខណៈជនទុច្ចរិតទាំង២នាក់នេះហ៊ានទាំងបង្កើតគណនីតេឡេក្រាមក្លែងក្លាយ ដែលបានដាក់ឈ្មោះបន្លំដូចទៅនឹង Channel Telegram ផ្លូវការរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា ដើម្បីធ្វើឱ្យមានការជឿជាក់ និងដាក់ប្រាក់វិនិយោគ។ នេះបើតាមការប្រកាសរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥នេះ។

    ប្រតិបត្តិការនេះ អនុវត្តតាមបទបញ្ជារបស់នាយឧត្ដមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងតាមការចង្អុលណែនាំពីឧត្ដមសេនីយ៍ឯក ឌី វិជ្ជា អគ្គស្នងការរងនគរជាតិ ដោយនៅថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៥ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ និងឈានដល់ការបង្រ្កាបករណីឆបោកខាងលើនេះ។

    ដោយមានការសម្របសម្រួលពីអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នាយកដ្ឋាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានធ្វើការឃាត់ខ្លួនជនសង្ស័យ២នាក់៖ ជនសង្ស័យទី១ឈ្មោះ ក.ស.ន ភេទស្រី មុខរបរធ្វើការនៅហាងកែសម្ភស្ស ជនសង្ស័យទី២ឈ្មោះ ប.ត.ម ភេទប្រុស មុខរបរ សន្តិសុខចំណតរថយន្តនៅផ្សារទំនើប។

    តាមការស្រាវជ្រាវរបស់សមត្ថកិច្ចបានរកឃើញថា ជនសង្ស័យទាំង២បានឆបោកប្រាក់ជនរងគ្រោះប្រហែលជាង១៨ម៉ឺនដុល្លាសហរដ្ឋអាមេរិក។ បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី។

    នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា ក្រសួងមហាផ្ទៃ ក៏បានក្រើនរំលឹកដល់សារធារណជនទាំងអស់សូមប្រុងប្រយ័ត្ន មុននឹងសម្រេចចិត្តដាក់ប្រាក់វិនិយោគតាមប្រព័ន្ធអនឡាញ និងសូមពិនិត្យពិចារណាប្រភពនៃការផ្សព្វផ្សាយអំពីការវិនិយោគតាមអនឡាញផ្សេងៗឱ្យបានហ្មត់ចត់ជាមុន ជៀសវាងការខាតបង់ផលប្រយោជន៍ និងទ្រព្យសម្បត្តិដោយប្រការណាមួយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: