ព័ត៌មានជាតិ February 22, 2025

ហេតុការណ៍ផ្ទុះអា-វុធនៅកាស៊ីណូ និងសណ្ឋាគារ «ណាន ហៃ» ក្រុងព្រះសីហនុ កម្លាំងនគរបាលចាប់ជនជាតិចិនបាន៣នាក់

Liny Chan

(ព្រះសីហនុ)៖ នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង ១០៖១៤នាទី មានហេតុការណ៍ផ្ទុះអាវុធមួយកើតឡើងបង្កដោយជនជាតិចិននៅចំណុចកាស៊ីណូ និងសណ្ឋាគារ «ណាន ហៃ» ស្ថិតនៅភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ។ សម្រាប់ហេតុការណ៍នេះ កម្លាំងនគរបាលខេត្តព្រះសីហនុ បានចាប់ជនជាតិចិនចំនួន៣នាក់។

របាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បានបញ្ជាក់ថា ភ្លាមៗក្រោយកើតហេតុ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្ត បានបញ្ជាឲ្យកម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងនគរបាលក្រុងព្រះសីហនុ ចុះទៅកន្លែងកើតហេតុ ធ្វើការស្រាវជ្រាវ​ ដោយកំណត់មុខសញ្ញាបានជនសង្ស័យម្នាក់ឡើងជិះរថយន្ត១គ្រឿង ម៉ាកស៊ឺដេស ពណ៌ស នៅចំណុចមន្ទីរពេទ្យឯកជនមួយកន្លែង ស្ថិតនៅភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ។

ជាលទ្ធផលនៃការស្រាវជ្រាវ និងសួរនាំ កម្លាំងសមត្ថកិច្ចក៏បានឃាត់ខ្លួនជនជាតិចិន៣នាក់ (ស្រីម្នាក់)។

បើតាមរបាយការណ៍, ករណីនេះបណ្ដាលឲ្យជនជាតិចិនម្នាក់ បានរងរបួសផ្ទុះអាវុធដោយខ្លួនឯងចំភ្លៅខាងឆ្វេង និងកំពុងដេកសម្រាកនៅមន្ទីពេទ្យឯកជន។ សម្រាប់វត្ថុតាង កម្លាំងនគរបាលបានដកហូត សំបកគ្រាប់ចំនួន២គ្រាប់ និងគ្រាប់ចំនួន៤គ្រាប់ នៅកន្លែងកើតហេតុ។

បច្ចុប្បន្ន សមត្ថកិច្ចបាននាំជនជាតិចិនទាំង៣នាក់ និងរថយន្ត២គ្រឿង យកមកស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ដើម្បីស្រាវជ្រាវ​ និងចាត់ការតាមនីតិវិធីច្បាប់៕ ផ្ដល់សិទ្ធិដោយ៖ Fresh News