Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យយកគ្រូចូលនិវត្តន៍មកបង្រៀន ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍

    BY Liny Chan February 26, 2025
    សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ផ្តល់គោលការណ៍ឱ្យយកគ្រូចូលនិវត្តន៍មកបង្រៀន ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍

    (ភ្នំពេញ)៖ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ផ្ដល់កុងត្រាឱ្យមកបង្រៀននៅសាលារដ្ឋ ដោយផ្តល់ប្រាក់ខែបូកនឹងប្រាក់ចូលនិវត្តន៍ មិនមែនទទួលបានប្រាក់ខែឌុបនោះទេ។

    ការថ្លែងបែបនេះរបស់សម្ដេច បានធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញបិទសន្និបាតបូកសរុបការងារឆ្នាំសិក្សាចាស់ និងលើកទិសដៅការងារឆ្នាំសិក្សាថ្មីរបស់ក្រសួងអប់រំ នៅវិទ្យាស្ថានជាតិកម្ពុជា (តិចណូ)។

    នាឱកាសនោះ សម្តេចនាយករដ្ឋមន្ត្រី​ បានថ្លែងថាចំពោះលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ អាចឱ្យពួកគាត់មកបំពេញបន្ថែមកន្លែងចន្លោះ ព្រោះប្រសិនជាមិនឱ្យពួកគាត់មកបង្រៀននៅសាលារដ្ឋ ពួកគាត់នឹងទៅបង្រៀននៅសាលាឯកជនដែលនាំឱ្យបាត់ធនធានមនុស្សនៅសាលារដ្ឋ។

    បន្ថែមពីនេះ សម្តេច បានថ្លែងបន្តថា សូមបងប្អូនកុំមានការយល់ច្រឡំថាការកុងត្រាឱ្យលោកគ្រូអ្នកគ្រូដែលចូលនិវត្តន៍ ជាការបើកប្រាក់ខែឌុបឱ្យពួកគាត់ គឺមិនមែននោះទេ ព្រោះប្រសិនជាគាត់មិនចូលបង្រៀនសាលារដ្ឋ ហើយទៅបង្រៀនសាលាឯកជន ក៏គាត់ទទួលបានប្រាក់ខែ២ដងដែរ ប៉ុន្តែរដ្ឋាភិបាលមិនចង់ឱ្យបាត់ធនធានទៅសាលាឯកជនច្រើននោះទេ។

    ជាមួយគ្នានេះ សម្តេចបវរធិបតី ហ៊ុន​ ម៉ាណែត បានណែនាំឱ្យក្រសួងមុខងារសាធារណៈ និងក្រសួងអប់រំ ក្ដាប់ឱ្យបានទិន្នន័យរបស់គ្រូបង្រៀនតាំងពីលើរហូតដល់ក្រោម ដើម្បីអាចដឹងបានថាក្នុងចំណោមសាលាជាង១ម៉ឺនទីតាំង តើទីតាំងណាដែលមានការខ្វះខាតគ្រូបង្រៀន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: