ព័ត៌មានជាតិ February 27, 2025

ក្រសួងវប្បធម៌ ស្នើឱ្យសមត្ថកិច្ចចាត់វិធានការស្វែងរកអត្តសញ្ញាណម្ចាស់ទំព័រហ្វេសប៊ុកមួយ ដែលបង្ហោះបទចម្រៀងមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់ខ្លាំងដល់វប្បធម៌ប្រពៃណី និងតម្លៃស្រ្តីខ្មែរ

Liny Chan

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នារសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ នេះ បានស្នើឱ្យសមត្ថកិច្ច ចាត់វិធានការស្វែងរកអត្តសញ្ញាណម្ចាស់ទំព័រហ្វេសប៊ុកមួយ ដែលបានបង្ហោះបទចម្រៀងដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។

តាមរយៈផេកផ្លូវការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានធ្វើការបង្ហោះជាមួយខ្លឹមសារដូច្នេះថា៖ «ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សូមជូនដំណឹងដល់សាធារណជនបានជ្រាបថា ក្រសួងបានពិនិត្យឃើញ ទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me បានធ្វើការបង្ហោះផ្សព្វផ្សាយបទចម្រៀងក្រោមចំណងជើងថា ក្តឹងរួយ ដែលមានខ្លឹមសារគ្រោតគ្រាត អសុរោះ គ្មានសីលធម៌ ប៉ះពាល់យ៉ាងខ្លាំងដល់វប្បធម៌ប្រពៃណី ទំនៀមទំលាប់ សេចក្តីថ្លៃថ្នូរសង្គម និងតម្លៃស្រ្តីខ្មែរ។ បើទោះបីជាបទចម្រៀងដែលផលិតដោយបច្ចេកវិជ្ជាបញ្ញាសប្បនិម្មិត (AI) នេះ ត្រូវបានលុបចេញពីទំព័រហ្វេសប៊ុកមួយ ឈ្មោះ ALL from me ក្តី តែបុគ្គលដែលជាអុ្នកគ្រប់គ្រងទំព័រហ្វេសប៊ុក ALL from me ត្រូវធ្វើការទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន។ ក្រសួងសូមអំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច សូមចាត់វិធានការស្វែងរកអត្តសញ្ញាណបុគ្គលរូបនេះ ដើម្បីទទួលខុសត្រូវចំពោះសកម្មភាពនេះ និងស្នើសុំដល់សាធារណជនដែលប្រើប្រាស់បណ្តាញសង្គម សូមកុំបន្តចែកចាយ និងផ្សព្វផ្សាយបទចម្រៀងនេះ »៕

ប្រភព៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ