រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ លើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ
(ភ្នំពេញ)៖ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារ ឆ្នាំ២០២៤ និងលើកទិសដៅការងារ ឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ហួត ហាក់ រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ បានលើកឡើងពីកង្វល់មួយចំនួន ដែលទាមទារយកចិត្ដទុកដាក់ដោះស្រាយ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ។

បញ្ហាប្រឈម និងក្តីកង្វល់ទាំងនោះរួមមាន ចំណុចខ្វះខាតលើការបដិសណ្ឋាកិច្ច និងការទារកម្រៃក្រៅផ្លូវការ នៅតាមច្រកទ្វារអន្តរជាតិ តម្លៃសំបុត្រយន្តហោះ តម្លៃចំណតរថយន្តនៅតាមព្រលានយន្តហោះជាដើម។
លោក ហួត ហាក់ បានបញ្ជាក់ថា កន្លងមករាជរដ្ឋាភិបាល បានដាក់ចេញនូវវិធានការជាកញ្ចប់ក្នុងការកែលម្អ និងសម្រួលនីតិវិធីក្នុងការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និងប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង ប្រព័ន្ធអេកូឡូស៊ីតែមួយរបស់រាជរដ្ឋាភិបាល និងបានបញ្ចុះថ្លៃទិដ្ឋាការអេឡិចត្រូនិច (e-Visa) ប្រភេទទេសចរ (T) និងប្រភេទធម្មតា (E)។ ពិសេសថ្មីៗនេះ រាជរដ្ឋាភិបាលបានដាក់ចេញ វិធានការ ក្នុងការបោះពុម្ពទិន្នន័យ និង QR Code សម្រាប់បិទលើសន្លឹកលិខិតឆ្លងដែនជនបរទេស ជំនួសឱ្យការប្រើប្រាស់សន្លឹក ទិដ្ឋាការស្ថិត និង/ឬការប្រថាប់ត្រា ជំនាញអន្តោប្រវេសន៍។
លោកបានលើកឡើងទៀតថា អង្គសន្និបាត ក៏បានលើកឡើងពីភាពចំណុចខ្វះខាតមួយចំនួន ដែលកើតមាននៅតាមច្រកទ្វារព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ និងគប្បីយកចិត្តទុកដាក់ រួមមាន៖
* សេវាកម្មទទួលបដិសណ្ឋារកិច្ចភ្ញៀវទេសចរនៅមានកម្រិត, ការលេចលឺពីការទារកម្រៃសេវាក្រៅផ្លូវការ ឬការទារកម្រៃសេវាខុស ពីបទដ្ឋានដែលបានកំណត់, ការបង្កើតនីតិវិធីស្មុគស្មាញ ដើម្បីទារកម្រៃសេវាជាដើម។
ក្នុងន័យនេះ, អង្គសន្និបាតស្នើសុំឱ្យបង្កើតជាប្រព័ន្ធ Hotline សម្រាប់ទទួលបណ្តឹងរបស់ទេសចរ លើករណីមិនប្រក្រតីតាមច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ។ ដោយឡែក ក្រសួងទេសចរណ៍ នឹងជំរុញការរៀបចំវគ្គបណ្តុះបណ្តាល បដិសណ្ឋារកិច្ចទេសចរណ៍ នៅតាមច្រកព្រំដែនអន្តរជាតិ និងច្រកទ្វារអន្តរជាតិ ទូទាំងប្រទេសបន្ថែមទៀត។
អង្គសន្និបាត ក៏បានលើកឡើងពីសមត្ថភាពប្រកួតប្រជែង នៃវិស័យទេសចរណ៍កម្ពុជា ក្នុងភូមិសាស្ត្រតំបន់ពាក់ព័ន្ធនឹងភាពទាក់ទាញ និងតម្លៃខ្ពស់ នៃកញ្ចប់ទស្សនកិច្ចទេសចរណ៍ មកកម្ពុជា ធៀបនឹងប្រទេសជិតខាង ដែលមកពីកត្តាសត្យានុម័ត មួយចំនួនរួមមាន៖
* ការតភ្ជាប់ជើងហោះហើរត្រង់មកកម្ពុជានៅមានកម្រិត, សំបុត្រយន្តហោះមកកម្ពុជាមានតម្លៃខ្ពស់ ឬការតភ្ជាប់ជើងហោះហើរបន្តមកកម្ពុជា ពីប្រទេសជិតខាងមានតម្លៃខ្ពស់។
រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ ក៏សូមគោរពថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលកន្លងមកបានសម្រួល កម្រៃសិទ្ធិហោះហើរតែម្ខាង ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការ ជើងហោះហើរអន្តរជាតិ ចេញចូលអាកាសយានដ្ឋានអន្តរជាតិ សៀមរាប-អង្គរ។
លើសពីនោះទៀត ព្រមទាំងបានកាត់បន្ថយកម្រៃសេវានាំផ្លូវ សុំសម្រាប់ការចុះចតចំនួន៥០% ដល់ក្រុមហ៊ុនអាកាសចរណ៍ ដែលប្រតិបត្តិការជើងហោះហើរ ក្នុងស្រុក និងអន្តរជាតិនៅអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ សម្រាប់រដូវកាលបៃតង។ នេះជាការបញ្ជាក់បន្ថែម របស់រដ្ឋមន្ដ្រីក្រសួងទេសចរណ៍។
ដោយឡែក អង្គសន្និបាត ស្នើសុំរាជរដ្ឋាភិបាលពិចារណាបន្ថែមទៀត ចំពោះលទ្ធភាពសម្របសម្រួលបញ្ចុះថ្លៃចុះចត នៅតាមអាកាសយានដ្ឋានអន្តរជាតិទាំងពីរបស់កម្ពុជា។
បន្ថែមលើនេះ គ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងវិស័យទេសចរណ៍ តាមរយៈអង្គសន្និបាតសម្តែងនូវក្តីកង្វល់ជាខ្លាំង ចំពោះភាពយឺតយ៉ាវ នៃការដាក់ចេញតារាងតម្លៃ (Price Quotation) របស់អាកាសយានដ្ឋានអន្តរជាតិតេជោ ដែលគ្រោងដាក់ដំណើរការអំឡុង ខែកក្កដា ឆ្នាំ២០២៥ នាពេលខាងមុខ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













































