ស្ត្រីជនជាតិបរទេសដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយ ត្រូវបានអធិការក្រុងកំពតស្រាវជ្រាវរកឃើញហើយ
យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តកំពត នាមុននេះបន្តិច បានឱ្យដឹងថា អធិការក្រុងកំពតនិងសហការី បានស្រាវជ្រាវរកស្ត្រីជនជាតិបរទេសដែលបាញ់ថ្នាំពណ៌នៅលើបង្កាន់ដៃស្ពានព្រែកកំពង់បាយបានហើយ។

ជាមួយគ្នានេះដែរ ស្នងការដ្ឋាននគរបាលខេត្តកំពត បានគូសបញ្ជាក់ថា ចំពោះករណីស្ត្រីខាងលើនេះ និងអនុវត្តនិតិវិធីដោយគ្មានការយោគយល់នោះឡើយ ដើម្បីជាគំរូសំរាប់ជនបរទេសដ៏ទៃទៀតកុំអោយធ្វើតម្រាប់តាម។
គួរបញ្ជាក់ផងដែរថា ស្នងការដ្ឋាននគរបាលខេត្តកំពត នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៥ នេះ បានបង្ហោះរូបភាព រួមជាមួយវីដេអូ សកម្មភាព ស្រ្តីជនជាតិបរទេសបាញ់ថ្នាំនៅលើបង្កាន់ដៃស្ពាន ដោយភ្ជាប់ជាមួយខ្លឹមសារដូច្នេះថា៖ «ប្រទេសខ្ញុំខេត្តខ្ញុំមានច្បាប់ទំលាប់ត្រឹមត្រូវ មិនមែនអ្នកឯងចង់ធ្វើអ្វីស្រេចតែអំពើចិត្តនោះទេ អ្នកត្រូវត្រលប់មកសម្អាតស្ពានអោយបានដូចដើមឡើងវិញ សមត្ថកិច្ចកំពុងចុះទៅយកស្ត្រីជនជាតិបរទេសដែលបានបាញ់ថ្នាំលើបង្កាន់ដៃស្ពានព្រែកកំពង់បាយដើម្បីធ្វើការតាមនិតិវិធីច្បាប់និងត្រូវសម្អាតអោយបានស្អាតដូចដើមឡើងវិញ ។ »


