Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ការវា-យប្រ-ហារនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត​ និង ១៣នាក់របួស

    BY Liny Chan March 10, 2025
    ការវា-យប្រ-ហារនៅភាគខាងត្បូងប្រទេសថៃ បណ្តាលឱ្យមនុស្ស ៥នាក់បាត់បង់ជីវិត​ និង ១៣នាក់របួស

    (បាងកក)៖ ប៉ូលិស បានឱ្យដឹងថា មានមនុស្ស៥នាក់ស្លាប់ និង ១៣នាក់របួសក្នុងការវាយប្រហារពីរផ្សេងគ្នា នៅឯភាគខាងត្បូងប្រទេសថៃ ជាទីដែលកំពុងតែច្របូកច្របល់។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី១០ ខែមីនា ឆ្នាំ២០២៥។

    ប៉ូលិសខេត្ត Narathiwat និយាយថា ក្រុមជនសង្ស័យជាង ១០នាក់ បានបើកការបាញ់ប្រហារ នៅខាងក្រៅការិយាល័យស្រុក Sungai Kolok ដែលជាទីប្រជុំជនមួយជាប់ព្រំដែនម៉ាឡេស៉ី-ថៃ កាលពីម៉ោងប្រហែល ៩យប់ថ្ងៃសៅរ៍។ ពួកគេក៏បានគប់គ្រឿងផ្ទុះ និងបំផ្ទុះគ្រាប់បែក បណ្តាលឱ្យបុគ្គលិកស្ម័គ្រចិត្តការពារពីរនាក់ស្លាប់ និង ១២នាក់រងរបួស។

    ក្រៅពីនោះ មានការវាយប្រហារដាច់ដោយឡែកមួយទៀត នៅក្នុងខេត្ត Pattani ដែលស្ថិតនៅជាប់នោះ កាលពីយប់ថ្ងៃសៅរ៍ ដោយការបំផ្ទុះតាមដងផ្លូវបានសម្លាប់មនុស្ស ៣នាក់ ជាជំនួយការភូមិ ២នាក់ និងមន្រ្តីអនុរក្សម្នាក់ដែលយាមតំបន់នោះ។ ប៉ូលិសក្នុងតំបន់ ក៏បានឱ្យដឹងដែរថា មនុស្សម្នាក់ផ្សេងទៀតបានរងរបួសក្នុងឧប្បតិ្តហេតុមួយ វេលាម៉ោងប្រហែល ១២យប់ ឈានចូលថ្ងៃអាទិត្យ នៅក្នុងស្រុក Saiburi។

    គួរបញ្ជាក់ថា ជម្លោះតូចៗបាននិងកំពុងផ្ទុះឡើង នៅក្នុងខេត្តភាគខាងត្បូងបំផុតរបស់ប្រទេសថៃ គិតចាប់តាំងពីឆ្នាំ ២០០៤ ខណៈដែលក្រុមឧទ្ទាមក្នុងតំបន់ ដែលភាគច្រើនកាន់សាសនាឥស្លាម កំពុងប្រយុទ្ធទាមទារស្វយ័តភាពកាន់តែខ្លាំង។ តំបន់នេះមានការប្រកាន់ខ្ជាប់នូវវប្បធម៌ខុសប្លែកខ្លាំង ពីប្រទេសថៃដែលជាទូទៅ មានអ្នកកាន់ព្រះពុទ្ធសាសនាភាគច្រើន ហើយបានកាន់កាប់តំបន់នេះ កាលពីជាងមួយសតវត្សមុន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: