ព័ត៌មានជាតិ March 11, 2025

ជប៉ុន បរាជ័យក្នុងការបញ្ចុះបញ្ចូលឱ្យអាមេរិក ធានាថានឹងមិនដាក់ពន្ធគយ

Liny Chan

(តូក្យូ)៖ រដ្ឋមន្រ្តីពាណិជ្ជកម្មជប៉ុន បានឱ្យដឹងថា លោកបានស្នើទៅកាន់សហរដ្ឋអាមេរិក កុំឱ្យដាក់ពន្ធគយមកលើប្រទេសជប៉ុន ប៉ុន្តែមិនសម្រេចបានការ​ធានា​ណា​មួយ ​ដែល​ថា​ជប៉ុន​នឹង​ត្រូវ​បាន​លើក​លែង ​រួម​ទាំង​ពន្ធ​ដែកថែប និង​អាលុយមីញ៉ូម ២៥ភាគរយ ​ដែល​កំណត់ថា​នឹង​ចាប់​ផ្តើម​ នា​ថ្ងៃ​ពុធសប្តាហ៍នេះ នោះទេ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១១ ខែមីនា ឆ្នាំ ២០២៥។

លោក Yoji Muto បាននិយាយក្នុងរដ្ឋធានីវ៉ាស៉ីនតោន ក្រោយជួបប្រជុំជាមួយរដ្ឋមន្ត្រីពាណិជ្ជកម្ម លោក Howard Lutnick អ្នកតំណាងពាណិជ្ជកម្មអាមេរិក លោក Jamieson Greer និងទីប្រឹក្សាសេដ្ឋកិច្ចសេតវិមាន លោក Kevin Hassett ដូច្នេះថា «យើងបានយល់ព្រមបន្តការពិគ្រោះយោបល់យ៉ាងជិតស្និទ្ធ ជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក និងធ្វើការពិភាក្សានៅកម្រិតការងារ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន»

ខណៈព្យាយាមបញ្ចុះបញ្ចូល លោកប្រធានាធិបតី ដូណាល់ ត្រាំ ឱ្យលើកលែងការយកពន្ធលើរថយន្ត និងផលិតផលផ្សេងទៀត លោក Muto និងមន្ត្រីជាន់ខ្ពស់មួយចំនួននិយាយថា ជប៉ុនគឺជាដៃគូសេដ្ឋកិច្ចជិតស្និទ្ធដែលបានវិនិយោគយ៉ាងច្រើន នៅសេដ្ឋកិច្ចអាមេរិក និងបង្កើតការងាររាប់លានកន្លែង។

តាមលោក Muto នៅក្នុងកិច្ចពិភាក្សាជាមួយសមភាគីអាមេរិក ក៏មាននូវការពិភាក្សាអំពីការទិញឧស្ម័នធម្មជាតិរាវ របស់សហរដ្ឋអាមេរិកថែមទៀត និងគម្រោងបំពង់បង្ហូរឧស្ម័ននៅរដ្ឋអាឡាស្កា ក៏ដូចជាការដេញថ្លៃរបស់ក្រុមហ៊ុន Nippon Steel ដើម្បីទិញដែកថែបរបស់អាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News