Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនានេះ

    BY Liny Chan March 12, 2025
    ក្រសួងទេសចរណ៍៖ បាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើងចន្លោះ ព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនានេះ

    (ភ្នំពេញ)៖ ក្រសួងទេសចរណ៍ ចេញសេចក្ដីជូនដំណឹង ស្តីពី ព្រឹត្តិការណ៍សមរាត្រី Equinox Angkor ដែលត្រូវបានគេស្គាល់ថាជាបាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ អាចនឹងកើតឡើង នៅចន្លោះព្រឹកព្រលឹមថ្ងៃទី២១ ដល់២៣ ខែមីនា ឆ្នាំ២០២៥នេះ និងស្នើដល់ភ្ញៀវទេសចរជាតិ-អន្តរជាតិចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន។

    តាមរយៈសេចក្ដីជូនដំណឹងដែលបណ្ដាញសារព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥នេះ បានឲ្យដឹងថា៖ បាតុភូតព្រះអាទិត្យ រះចំកំពូលកណ្តាលនៃប្រាសាទអង្គរ បានស្តែងឲ្យឃើញពីលក្ខណៈពិសេសរបស់បុព្វបុរសខ្មែរ ក្នុងការគិតគូរពីប្លង់ ស្ថាបត្យកម្ម ប្លង់សាងសង់ប្រាសាទ ការរៀបចំដីធ្លី ការគន់គូរតាមគណិតវិទ្យា ការគិតគូរពីដំណើរតារាសាស្ត្រ រួមផ្សំ ជាមួយជំនឿ ដែលបង្កើតបានជាបាតុភូតរះចំកំពូលកណ្តាលនៃប្រាសាទអង្គរវត្តនេះឡើង។

    គួរជម្រាបថា ព្រឹត្តិការណ៍សមរាត្រី Equinox Angkor តែងកើតឡើងចំនួន២ដងជារៀងរាល់ឆ្នាំ ដោយលើកទី១ គឺសមរាត្រី រដូវប្រាំង (Vernal Equinox) អាចនឹងកើតឡើងនៅចន្លោះថ្ងៃទី២១ ដល់២៣ ខែមីនា នៅវេលាម៉ោង៥:០០ព្រឹក ដល់ម៉ោង៦:៣០ព្រឹក និងលើកទី២ គឺសមរាត្រីរដូវវស្សា (Autumnal Equinox) អាចនឹងកើតឡើងក្នុងខែកញ្ញា។

    ព្រឹត្តិការណ៍សមរាត្រី Equinox Angkor គឺជាព្រឹត្តិការណ៍ដ៏ពេញនិយមបំផុតមួយ ដែលទាក់ទាញភ្ញៀវ ទេសចរជាតិ-អន្តរជាតិពីគ្រប់ទិសទី មកប្រជុំគ្នានៅមុខច្រកចូលទិសខាងលិចនៃប្រាសាទអង្គរវត្ត ដើម្បីទស្សនា និង
    ផ្តិតយករូបភាពពីព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។

    ក្នុងឱកាសនេះ ក្រសួងទេសចរណ៍ សំណូមពរដល់សាធារណជន និងភ្ញៀវទេសចរជាតិ-អន្តរជាតិទាំងអស់ ចូលរួម ទស្សនាព្រឹត្តិការណ៍ដ៏អស្ចារ្យនេះកុំបីខាន និងសូមចូលរួមផ្សព្វផ្សាយអំពីទេសចរណ៍កម្ពុជាទាំងអស់គ្នា ស្របតាម ពាក្យស្លោក «ទេសចរណ៍ដើម្បីទាំងអស់គ្នា ទាំងអស់គ្នាដើម្បីទេសចរណ៍» «ទេសចរណ៍រីកលូតលាស់ក្នុងសន្តិភាព» និង «ម្នាក់ៗជាអ្នកផ្សព្វផ្សាយទេសចរណ៍កម្ពុជាម្នាក់»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: