ព័ត៌មានជាតិ March 13, 2025

រថយន្តដឹកលើសទម្ងន់ ០៨គ្រឿង ត្រូវបានពិន័យ ក្នុងនោះឃាត់ទុក ១ឆ្នាំ ៦គ្រឿង ក្នុងប្រត្តិបត្តិការត្រួតពិនិត្យយានយន្តនៅស្រុកពាមជរ ខេត្តព្រៃវែង

Liny Chan

(ព្រៃវែង)៖ ក្រុមការងារត្រួតពិនិត្យចល័តរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន នាថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥ បានចុះឆ្មក់ត្រួតពិនិត្យយានយន្តដឹកជញ្ជូនលើសទម្ងន់ នៅចំនុចផ្លូវខេត្តលេខ៣១០ ស្ថិតនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង បានត្រួតពិនិត្យយានយន្តចំនួន ១៣គ្រឿង លើសទម្ងន់កម្រិតកំណត់ចំនួន ០៨គ្រឿងចន្លោះពី ០៥តោន ដល់ ២៧តោន ក្នុងនោះឃាត់រក្សាទុក ១ឆ្នាំ ចំនួន ០៦គ្រឿង ដោយអនុលោមតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា២៦ និងមាត្រា៦០។

ក្រសួងសាធារណការ និងដឹកជញ្ជូន បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដឹកជញ្ជូនទំនិញ ម្ចាស់រថយន្តធុនធ្ងន់ និងអ្នកបើកបររថយន្តធុនធ្ងន់ទាំងអស់ដែលប្រកបរបរដឹកជញ្ជូនទំនិញ សូមចូលរួមបញ្ឈប់ការប្រើប្រាស់ឡូហ្គោផ្សេងៗបិទជាប់ឡាន និងសូមកុំដឹកជញ្ជូនទំនិញលើសទម្ងន់កម្រិតកំណត់ ដែលឈានទៅដល់ការឃាត់រថយន្តទុកចំនួន ១ឆ្នាំ នាំឱ្យប៉ះពាល់ដល់ការប្រកបរបរដឹកជញ្ជូន និងជីវភាពរស់នៅប្រចាំថ្ងៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News