គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅនៅលើផ្លូវលេខ១ បើកការដ្ឋានសាងសង់ហើយ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាតនោះទេ
(ភ្នំពេញ)៖ គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ក្រោមគម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងការផ្គត់ផ្គង់ទឹកស្អាតបែបឌីជីថល ក្នុងតំបន់ទីប្រជុំជនរាជធានីភ្នំពេញ បានបើកការដ្ឋានសាងសង់ជាផ្លូវការ នាថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥នេះ។

កម្មវិធីដំណើរទស្សនកិច្ចការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដា្ឋនគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ បានរៀបចំឡើងក្រោមអធិបតីភាព លោក ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងលោក UENOAtsushi ឯកអគ្គរាជទូតជប៉ុនប្រចាំប្រទេសកម្ពុជា។
គម្រោងសាងសង់សង់ស្ថានីយបូមទឹកឆៅកោះនរា គឺជាស្ថានីយបូមទឹកឆៅថ្មី ដើម្បីជំនួសស្ថានីយបូមទឹកឆៅក្ដីតាកុយ ដែលទទួលផលប៉ះពាល់ពីគម្រោងអភិវឌ្ឍន៍កោះនរាថ្មី របស់ក្រុមហ៊ុនអូរវើស៊ី ខេមបូឌាន អ៊ិនវេសមេន ខបភើរេសិន (OCIC)។
ក្រោយពីទទួលបានការគាំទ្រពេញទំហឹង ពីសំណាក់រាជរដ្ឋាភិបាល ជាពិសេសក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ជាមួយកិច្ចសហការណ៍ពីក្រសួងស្ថាប័នពាក់ព័ន្ធ និងក្រោមស្មារតីទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងក្រុមហ៊ុន OCIC បានចុះហត្ថលេខាលើកិច្ចសន្យា «ស្ដីពីការស្ដារឡើងវិញ នូវផលប៉ះពាល់របស់គម្រោងអភិវឌ្ឍន៍កោះនរា មកលើប្រព័ន្ធផលិតកម្មទឹកស្អាតនិរោធរបស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលមានទំហំទឹកប្រាក់សរុបប្រមាណ ២៦,៦លានដុល្លារអាមេរិក សម្រាប់អនុវត្តការងារ រួមមាន សេវាទីប្រឹក្សាបច្ចេកទេសសាងសង់ស្ថានីយបូមទឹកឆៅ មានសមត្ថភាពបូមទឹកសរុប ៤៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ និងសមត្ថភាពបន្ថែមនាពេលអនាគត សម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធជំហានទី ៣ ដែលមានបរិមាណ២០០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ, ប្រព័ន្ធអេឡិចត្រូមេកានិកសម្ភារបំពង់ តំណភ្ជាប់ និងវ៉ាន, បំពង់មេនាំទឹកឆៅទំហំមុខកាត់ ១ ៤០០មម ចំនួន ០២ខ្សែ ដោយមានប្រវែងសរុបចំនួន១.៦០០ម៉ែត្រ ។
យោងទៅតាមការសិក្សានាពេលកន្លងមក ការតភ្ជាប់បំពង់មេនាំទឹកឆៅចេញពីស្ថានីយបូមទឹកឆៅថ្មីកោះនរា មកកាន់បំពង់មេនាំទឹកឆៅដែលមានស្រាប់ទំហំមុខកាត់ ១.៦០០មម ស្ថិតនៅលើបណ្ដោយផ្លូវជាតិលេខ១ នេះ ចាំបាច់ត្រូវធ្វើការបញ្ឈប់ការផ្គត់ផ្គង់ទឹកស្អាត ចេញពីរោងចក្រផលិតទឹកស្អាតនិរោធ ដែលមានសមត្ថភាពផលិត២៦០ពាន់ម៉ែត្រគូប ក្នុងមួយថ្ងៃរយៈពេលជាងមួយសប្ដាហ៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រមាណជាង ៣០% នៃបរិមាណទឹកផលិតសរុប របស់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងធ្វើឱ្យប៉ះពាល់ទៅដល់ប្រជាពលរដ្ឋជាអតិថិជន ដែលរស់នៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅប្រមាណជិត ១លាននាក់។
លោក ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ មានប្រសាសន៍ថា សម្រាប់គម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ជាគម្រោងប្រវត្តិសាស្ត្រមួយនៅក្នុងប្រទេសកម្ពុជា និងពុំទាន់ធ្លាប់បានអនុវត្តនៅកម្ពុជានោះទេ សម្រាប់បំពង់ដែលមានមុខកាត់ធំបែបនេះ។
ការសម្រេចនៅលទ្ធផលនេះ មិនត្រឹមតែផ្តល់ផលប្រយោធន៍ដល់រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ក្នុងការធានាដល់ការផ្គត់ផ្គង់ទឹកស្អាតជូនអតិថិជននៅក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅនោះទេ ប៉ុន្តែក៏បានផ្ដល់នូវលទ្ធផលជាវិជ្ជមានដោយប្រយោលទៅកាន់វិស័យសេដ្ឋកិច្ច ដំណើរការរស់នៅ និងកត្តានិភ័យដោយចៃដន្យផងដែរ ព្រោះប្រសិនបើ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ពុំទទួលបាននូវគម្រោងនេះពីរាជរដ្ឋាភិបាលជប៉ុននោះទេ ច្បាស់ណាស់ការតភ្ជាប់បំពង់នេះ នឹងតម្រូវឱ្យធ្វើការផ្ដាច់ការផ្គត់ផ្គង់ទឹកស្អាត ដែលមានបរិមាណដល់ទៅ២៦០ពាន់ម៉ែត្រគូបក្នុងមួយថ្ងៃ ដែលអាចបណ្តាលឱ្យប៉ះពាល់យ៉ាងខ្លាំងទៅដល់ការរស់នៅ ការប្រកបរបរចិញ្ចឹមជីវិត ដំណើរការឧស្សាហកម្ម សិប្បកម្ម និងហានិភ័យដែលអាចកើតឡើងជា យថាហេតុ។ល។
បន្ថែមលើសពីនេះ ការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា បានចូលរួមចំណែកមួយផងដែរ សម្រាប់ការអភិវឌ្ឍន៍របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ព្រោះក្រុមហ៊ុនបានសាងសង់ជំនួសមកវិញ នូវស្ថានីយបូមទឹកឆៅមួយ ដែលមានសមត្ថភាពបូមទឹកឆៅបន្ថែម លើសពីស្ថានីយបូមទឹកឆៅក្ដីតាកុយ ដែលរងផលប៉ះពាល់ ដោយបានគិតគូរបន្ថែមសមត្ថភាពនៃស្ថានីយអាចធ្វើការបូមទឹកឆៅទាំងសម្រាប់រោងចក្រប្រព្រឹត្តកម្មទឹកស្អាតនិរោធ ទី៣ដែលជារោងចក្រមួយស្ថិត នៅក្នុងបច្ចុប្បន្នភាពនៃផែនការមេទី៣ ឆ្នាំ២០២១-២០៣០ របស់ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ដែលគ្រោងនឹងសាងសង់នាពេលអនាគតឆាប់ៗខាងមុខនេះ។
លោកបន្តថា «ដំណើរទស្សនកិច្ចនៅការដ្ឋានស្ថានីយបូមទឹកឆៅថ្មីកោះនរា និងបើកការដ្ឋានគម្រោងភ្ជាប់បំពង់មេនាំទឹកឆៅ ដោយពុំផ្តាច់ការផ្គត់ផ្គង់ទឹកស្អាត ជាសក្ខីភាពដ៏សំខាន់ដែលបង្ហាញពីចំណងមិត្តភាព ដ៏ជ្រាលជ្រៅរវាងរាជរដ្ឋាភិបាលកម្ពុជា និងរាជរដ្ឋាភិបាលជប៉ុនក្នុងការជួយគាំទ្រ ដល់តម្រូវការចាំបាច់ក្នុងការអភិវឌ្ឍន៍នៅកម្ពុជា ព្រមទាំងបានបង្ហាញពីការទទួលខុសត្រូវខ្ពស់របស់ក្រុមហ៊ុន OCIC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោងកោះនរា»។
ទន្ទឹមនឹងនេះ ដើម្បីចូលរួមចំណែកនៅក្នុងយុទ្ធសាស្ត្រអភិវឌ្ឍន៍កម្ពុជា រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ នឹងនៅតែបន្តការប្តេជ្ញាចិត្តក្នុងការពង្រីក កែលម្អ និងបង្កើនសមត្ថភាពក្នុងការផលិត និងចែកចាយទឹកស្អាត ដោយស្របទៅតាមបច្ចុប្បន្នភាពនផែនការមេទី៣ ឆ្នាំ២០២១-២០៣០ ដើម្បីធានាបាននូវពាក្យស្លោក «ទឹកស្អាតសម្រាប់អ្នកទាំងអស់គ្នា» និងផ្ដល់ការផ្គត់ផ្គង់ទឹកស្អាតប្រកបដោយគុណភាព និងនិរន្តរភាព៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













