នគរបាលចាប់ខ្លួនបុរសម្នាក់ដែលប្រើ Facebook បោកប្រាស់អ្នកដទៃ ក្រោមរូបភាពលក់ផលិតផលខ្យល់, អ្នកទិញផ្ញើលុយឲ្យរួចផ្ដាច់ការទាក់ទងតែម្ដង
(ភ្នំពេញ)៖ កម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានស្រាវជ្រាវចាប់ខ្លួនបុរសម្នាក់ដែលប្រើប្រាស់ Facebook Page លក់ផលិតផលគ្រឿងអេឡិកត្រូនិច និងទូរស័ព្ទបោកប្រាស់អ្នកដទៃ ក្រោមរូបភាពឲ្យអតិថិជនផ្ញើលុយមកមុន រួចគេផ្ដាច់ការទំនាក់ទំនងតែម្ដង ដោយ Block អ្នកទិញចោលតែម្ដង។

របាយការណ៍របស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥នេះ បានបញ្ជាក់ថា ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះ ពៅ ចាន់វណ្ណៈ អាយុ៤២ឆ្នាំ ស្នាក់នៅសង្កាត់ក្របីរៀល ក្រុងសៀមរាប ខេត្តសៀមរាប។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលក្រោយស្ដាត់ចាស់ម្ដុំមន្ទីរពេទ្យគន្ធបុប្ផាខេត្តសៀមរាប។ ជននេះប្រើប្រាស់ Facebook Page ឈ្មោះ «Modern Phone Shop»។
ផ្អែកតាមចម្លើយសារភាព ជនសង្ស័យឈ្មោះ ពៅ ចាន់វណ្ណៈ បានទទួលស្គាល់ថា ខ្លួនពិតជាបានប្រព្រឹត្តអំពើឆបោកតាមអនឡាញជាច្រើនលើកច្រើនសារពិតប្រាកដមែន។ តាមភស្ដុតាងដែលសមត្ថកិច្ចជំនាញរកឃើញនៅក្នុង Facebook Page ជននេះបានប្លុកជនរងគ្រោះជាច្រើននាក់ ក្រោមរូបភាពដូចៗ គឺទទួលបានប្រាក់ហើយ មិនផ្ញើទំនិញត្រឡប់ទៅវិញ។ បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្ដតាមនីតិវិធី៕ ផ្ដល់សិទ្ធិដោយ៖ Fresh News






























