Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    ក្រុមមន្ត្រីរបស់លោក ត្រាំ ធ្វើឱ្យបែកធ្លាយផែនការវាយប្រហារប្រឆាំងក្រុមហ៊ូទី

    BY Liny Chan March 25, 2025
    ក្រុមមន្ត្រីរបស់លោក ត្រាំ ធ្វើឱ្យបែកធ្លាយផែនការវាយប្រហារប្រឆាំងក្រុមហ៊ូទី

    (វ៉ាស៊ីនតោន)៖ រដ្ឋបាលលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានទទួលស្គាល់ថាអ្នកសារព័ត៌មានម្នាក់មកពីទស្សនាវដ្ដី Atlantic ត្រូវបានអញ្ជើញដោយចៃដន្យឱ្យចូលរួមក្នុងគ្រុបឆាតមួយ ដែលក្នុងនោះមានទាំង រដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance ព្រមទាំងមន្ត្រីសន្តិសុខអាមេរិកកំពូលៗផ្សេងទៀត ដែលបានពិភាក្សាគ្នាអំពីផែនការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទីនៅក្នុង ប្រទេសយេម៉ែន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

    លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពីការវាយប្រហារតាមផ្លូវអាកាសប្រឆាំងក្រុមហ៊ូទី កាលពីថ្ងៃទី១៥ ខែមីនា។ ប៉ុន្តែផែនការនេះបានបែកធ្លាយ ហើយនិពន្ធនាយករបស់ទស្សនាវដ្ដី Atlantic លោក Jeffrey Goldberg បានដឹងជាមុន២ម៉ោង មុននឹងការវាយប្រហារដំបូងចាប់ផ្ដើម។ លោក Goldberg បានឱ្យដឹងថារូបលោកបានទទួលការផ្ញើសារមួយអញ្ជើញឱ្យចូលរួមក្នុងគ្រុបឆាត នៃកម្មវិធី Signal ពីគណនីមួយ មានឈ្មោះថា Michael Waltz។ ពីដំបូងឡើយ លោកមានការសង្ស័យថាឈ្មោះ Waltz នេះគឺជាលោក Michael Waltz ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់លោក ត្រាំ។

    មួយសន្ទុះក្រោយមក ទើបលោក Goldberg ដឹងថារូបលោកស្រាប់តែស្ថិតក្នុងកិច្ចសន្ទនាមួយជាមួយក្រុមមន្ត្រីរដ្ឋាភិបាលអាមេរិក ១៨រូប ក្នុងនោះរួមមានរដ្ឋមន្ត្រីការពារជាតិ លោក Pete Hegseth អនុប្រធានាធិបតី លោក JD Vance រដ្ឋមន្ត្រីការបរទេស លោក Marco Rubio ជាដើម។

    គួរបញ្ជាក់ថា ខាងសេតវិមានក៏បានទទួលស្គាល់ចំពោះការធ្វើឱ្យបែកធ្លាយផែនការវាយប្រហារលើក្រុមហ៊ូទីផងដែរ ខណៈលោក ត្រាំ នៅតែបង្ហាញការជឿជាក់លើក្រុមមន្ត្រីសន្តិសុខរបស់លោក។ ប៉ុន្តែ ខាងសមាជិក អ្នកតំណាងរាស្ត្រមកពីគណបក្សប្រជាធិបតេយ្យវិញ មិនអស់ចិត្តទេ ដោយនិយាយការធ្វើឱ្យបែកធ្លាយផែនការនេះគឺជាការបំពានលើសន្តិសុខជាតិ និងបំពានលើច្បាប់ដែលគួរតែត្រូវបានស៊ើបអង្កេតដោយសភាទាំង ២របស់សហរដ្ឋអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: