អ្នកនាំពាក្យក្រសួងកសិកម្ម៖ កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ
(ភ្នំពេញ)៖ លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃទី១ ខែមេសា ឆ្នាំ២០២៥ បានបញ្ជាក់ថាកម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។

បើតាមសំណេររបស់ លោក ឃឹម ហ្វីណង់ បានឱ្យដឹងយ៉ាងដូច្នេះថា៖ ដើម្បីជៀសវាងការយល់ច្រលំ ក្នុងនាមជាអ្នកនាំពាក្យក្រសួងកសិកម្ម ខ្ញុំសូមធ្វើការបំភ្លឺ និងកែតម្រូវឡើងវិញចំពោះព័ត៌មានចេញផ្សាយដោយវិទ្យុបារាំងអន្ដរជាតិ(RFI) ដែលបានដកស្រង់ពាក្យសម្ដីរបស់លោក អួន សុីឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជា ដូចខាងក្រោម៖
១- កម្ពុជាមិនមានបញ្ហាក្នុងការផ្គត់ផ្គង់គ្រាប់ស្វាយចន្ទីកែច្នៃទំហំ ៣០០០តោន/ឆ្នាំនោះទេ។ ក្នុងឆ្នាំ២០២៤ យើងផលិតបានគ្រាប់ស្វាយចន្ទីស្រស់ជិត៩០ មុឺនតោន និងបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ៣មុឺនតោន។ កម្ពុជានៅសល់សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីយ៉ាងហោចណាស់ ៥មុឺនតោនទៀត ដែលនៅមិនទាន់ប្រើប្រាស់ឱ្យអស់លទ្ធភាពនៅឡើយ គ្មានហេតុផលអ្វីដែលត្រូវព្រួយបារម្ភពីការមិនអាចផ្គត់ផ្គង់បរិមាណត្រឹមតែ ៣០០០តោន/ឆ្នាំ ដូចដែលលោក អួន សុីឡុត បានលើកឡើងឡើយ។
២- សមត្ថភាពកែច្នៃគ្រាប់ស្វាយចន្ទីអាចនឹងត្រូវបានពង្រីកបានគ្រប់ពេល ប្រសិនបើមានកិច្ចសន្យាធានាទិញច្បាស់លាស់ ក្នុងតម្លៃខ្ពស់ពីទីផ្សារ និងមានផ្តល់ប្រាក់កក់មុន៥០% ដូចដែលបានអះអាងពិតមែន។ ព័ត៌មានបែបនេះគួរតែត្រូវបានចែករំលែកដល់អ្នកកែច្នៃទូទៅឱ្យបានទូលំទូលាយ មិនមែនលាក់បាំងមិនផ្សព្វផ្សាយ ហើយបែរជាលើកឡើងពីការខ្វះខាតការផ្គត់ផ្គង់ទៅវិញ។
៣- មិនមានទិន្នន័យផ្លូវការណាមួយបង្ហាញថា ទិន្នផលគ្រាប់ស្វាយចន្ទីក្នុងឆ្នាំនេះមានការថយចុះដោយសារកត្តាអាកាសធាតុឡើយ។ ផ្ទុយទៅវិញ ការវាយតម្លៃបឋមបង្ហាញថា បរិមាណផលសរុបក្នុងឆ្នាំ២០២៥ អាចនឹងស្ថិតនៅកម្រិតដដែល ឬមានការកើនឡើងបើធៀបនឹងឆ្នាំ២០២៤។
៤- បរិមាណនាំចេញជាក់ស្តែងទៅកាន់ទីផ្សារថ្មីនេះនៅមានកម្រិតតិចតួចបំផុត។ ទិន្នន័យផ្លូវការពីក្រសួងកសិកម្មបង្ហាញថា បរិមាណនាំចេញពិតប្រាកដរបស់ក្រុមហ៊ុននេះមានត្រឹមតែ ២២៦៨គីឡូក្រាម ឬជាង ២តោនប៉ុណ្ណោះ មិនមែន ២០០០តោន ដូចដែលបានផ្សព្វផ្សាយនោះទេ។
៥- ការប្រជែងគ្នាទិញគ្រាប់ស្វាយចន្ទីកម្ពុជាពីឈ្មួញអន្តរជាតិមិនបណ្តាលឱ្យទិន្នផលនៃគ្រាប់ស្វាយចន្ទីធ្លាក់ចុះឡើយ។ ការលើកឡើងបែបនេះគឺជាកំហុសទាំងស្រុង និងស្តែងឱ្យឃើញពីការខ្វះខាតការយល់ដឹងឱ្យបានសុីជម្រៅពីកត្តាបច្ចេកទេសនិងទីផ្សារនៃដំណាំស្វាយចន្ទី។
លោក បានបន្តថា នៅមានចំណុចមិនត្រឹមត្រូវជាច្រើនទៀតនៅក្នុងអត្ថបទនេះ ដែលគួរឱ្យយើងចោទជាសំណួរអំពីចេតនាពិតប្រាកដរបស់លោក អួន សុីឡុត ក្នុងការផ្ដល់ព័ត៌មានមិនពិត ទៅកាន់ វិទ្យុបារាំងអន្ដរជាតិយ៉ាងដូច្នេះ។
ជាថ្មីម្ដងទៀត ក្នុងនាមក្រសួងកសិកម្ម លោកសូមអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ជាពិសេសវិទ្យុបារាំងអន្ដរជាតិ សូមផ្ទៀងផ្ទាត់ព័ត៌មានពីប្រភពផ្លូវការ មុននឹងផលិត ព័ត៌មានសម្រាប់ផ្សព្វផ្សាយ ជាជាងពឹងផ្អែកតែនៅលើពាក្យសម្ដីរបស់បុគ្គលតែម្នាក់ ដែលលើកឡើងដោយគ្មានភស្តុតាងច្បាស់លាស់។
លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា ការផ្សព្វផ្សាយដោយគ្មានការត្រួតពិនិត្យបែបនេះ អាចបង្កឱ្យមានការភ័ន្តច្រឡំ និងប៉ះពាល់ដល់ផលប្រយោជន៍បងប្អូនប្រជា កសិករ វិស័យកសិកម្ម និងសេដ្ឋកិច្ចជាតិកម្ពុជា៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

