Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ស្ងាត់, ទំនិញកម្ពុជាមិនបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ

    BY Liny Chan April 4, 2025
    សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា អំពាវនាវឱ្យកម្មករនិយោជិត រក្សាភាពស្ងប់ស្ងាត់, ទំនិញកម្ពុជាមិនបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ

    (ភ្នំពេញ)៖ តាមរយៈសេចក្តីប្រកាសព័ត៌មានរបស់ខ្លួន សមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានអំពាវនាវដល់កម្មករនិយោជិត និងសាធារណជនទាំងអស់ រក្សាភាពស្ងប់ស្ងាត់ ចំពោះការប្រកាសដំឡើងពន្ធលើទំនិញ លើផលិតផលកម្ពុជា របស់អាមេរិក។

    ជាមួយគ្នានេះ សមាគមបានអះអាងថាខ្លួននឹងបន្តធ្វើការវិភាគពីផលប៉ះពាល់នេះ និងធ្វើការជាមួយរាជរដ្ឋាភិបាល ស្ថាប័នពាក់ព័ន្ធដើម្បីរកដំណោះស្រាយនានា តាមដែលអាចធ្វើទៅបាន។

    ក្នុងសេចក្តីប្រកាសព័ត៌មានេះ សមាគម TAFTAC មានសេចក្តីថ្លែងការណ៍ចំនួន៥ចំណុច ដូចខាងក្រោម៖

    ១៖​ សមាគមសូមឱ្យសមាជិក កម្មករនិយោជិត និងសាធារណជនទាំងអស់រក្សាភាពស្ងប់ស្ងាត់នឹងន។ ការប្រកាសរបស់ លោកប្រធានាធិបតីអាមេរិក ត្រូវបានធ្វើឡើងមិនទាន់បាន២៤ម៉ោងនៅឡើយទេ ហើយយើងកំពុងវិភាគទៅលើផល ប៉ះពាល់ដែលអាចនឹងកើតឡើងចេញពីការប្រកាសភ្លាមៗនេះ។ សមាគមនឹងធ្វើការជាមួយរាជរដ្ឋាភិបាល និងគ្រប់ ភាគីពាក់ព័ន្ធក្នុងការស្វែងរកដំណោះស្រាយនានា ដើម្បីដោះស្រាយបញ្ហានេះឆាប់ៗតាមដែលអាចធ្វើទៅបាន។

    ២៖ ក្នុងកម្រិតដែលបានប្រកាសដំឡើង អត្រាពន្ធសរុបសម្រាប់កម្ពុជារួមទាំងប្រទេស ដែលជាដៃគូប្រកួតប្រជែងក្នុង វិស័យដូចគ្នា គឺមិនមានភាពខុសគ្នាខ្លាំងដែលនាំឱ្យកម្ពុជាបាត់បង់ឱកាសទាំងស្រុង ក្នុងការប្រកួតប្រជែងនោះទេ ជាក់ស្តែង ប្រទេសចិនទទួលរងនូវការដំឡើងបន្ថែមក្នុងអត្រាសរុប៧៩% (ដំឡើងចំនួន៤លើក) កម្ពុជា៤៩% វៀតណាម ៤៦% មីយ៉ាន់ម៉ា ៤៥% ។

    ៣៖ សមាគមសង្ឃឹមយ៉ាងមុតមាំថា ស្ថានភាពនឹងមានការប្រែប្រួលបន្ទាប់ពីរដ្ឋាភិបាលនៃប្រទេសទាំងពីរជួបពិភាក្សា និងចរចាគ្នា។

    ៤៖ សមាគម និងរាជរដ្ឋាភិបាល ព្រមទាំងគ្រប់ភាគីពាក់ព័ន្ធបាន និងកំពុងបន្តសហការគ្នាលើការកែលម្អបរិយាកាស វិនិយោគនិងធុរកិច្ច សំដៅលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជាឱ្យបានកាន់តែខ្ពស់បន្ថែមទៀត។

    ៥៖ សមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាល ដើម្បីបន្តកាត់បន្ថយការចំណាយក្នុងការធ្វើអាជីវកម្ម ដូចជាថ្លៃភស្តុភារ និងថ្លៃអគ្គិសនីជាដើម៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: