ព័ត៌មានជាតិ April 7, 2025

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អំពាវនាវដល់ប្រជាពលរដ្ឋរួមគ្នាប្រយ័ត្នឱ្យបានខ្ពស់ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ជាពិសេសត្រូវបិទអគ្គិសនីមុនចេញពីផ្ទះ

Liny Chan

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់រួមគ្នា ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ក្នុងរដូវប្រាំងនេះទៅលើរឿងអគ្គីភ័យឆាបឆេះជាពិសេស​នារដូវ​​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗនេះ ត្រូវបង្កើនការប្រុងប្រយ័ត្នឧបករណ៍ដែលអាចបង្ករជាអគ្គិភ័យមុនពេលចាគចេញពីផ្ទះ។

សម្តេចមហាបវរធិបតី ហ៊ុន ណែត គូសបញ្ជាក់ថាបែបនេះ ធ្វើឡើងនាឱកាសដែលសម្តេចអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាសមរតកតេជោ តម្លៃជិត ៣៧លានដុល្លារ នាព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងសដូនេះនេះ «ចំណុចមួយទៀតរដូវនេះជារដូវប្រាំង សូមប្រយ័ត្នរឿងអគ្គីភ័យ ហើយជាពិសេសរដូវចូលឆ្នាំ បងប្អូនដែលធ្វើដំណើរទៅលេងស្រុកសូមឱ្យប្រយ័ត្ន​ប្រយែង​រឿងអគ្គិសនី គួរដលចោលទាំងអស់ទៅ កុំភ្ជាប់វានៅជញ្ជាំង ព្រោះអាដូតចោលនេះហើយវាអាចឆេះ ជាពិសេសខ្សែសាកថ្ម ពេលសាកហើយដកវាចេញទៅ»

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក៏បានស្នើឱ្យគនរបាលរាជធានីខេត្ត ផ្នែកសង្គ្រោះគ្រោះអគ្គីភ័យ មានកងទ័ព សាលារាជធានី មានកងពល ៧០ និងអង្គភាពផ្សេងៗដែលមានឡានទឹក​ សូមត្រៀម​លក្ខណៈត្រៀមជួយសង្គ្រោះឱ្យបានទាន់ពេលវេលាផងដែរ។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបន្ថែមទៀតថា ស្របជាមួយនឹងការត្រៀមនេះ សូមប្រជាពលរដ្ឋធ្វើការបង្ការគឺល្អជាងការឆ្លើយតប ព្រោះនៅពេលមានបញ្ហាអគ្គីភ័យកើតឡើងហើយប៉ះពាល់មិនត្រឹមខ្លួន​ឯងនោះទេ គឺប៉ះពាល់ដល់អ្នកដ៍ទៀតផង ហើយមិនត្រឹមតែខាតបង់ទ្រព្យសម្បត្តិនោះទេ អាចឈានដល់ការបាត់បង់ជីវិតថែមទៀតផង៕ ផ្ដល់សិទ្ធិដោយ៖ Fresh News