ឯកអគ្គរដ្ឋទូតចិន៖ គម្រោងព្រែកជីកហ្វូណនតេជោ គឺចិនយល់ច្បាស់ពីតម្រូវការកម្ពុជា ហើយចិននឹងផ្តល់ការគាំទ្រ
(ភ្នំពេញ)៖ លោក វ៉ាង វិនពីង ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានថ្លែងថា ពាក់ព័ន្ធនឹងគម្រោងព្រែកជីកហ្វូណនតេជោ គឺភាគីចិនយល់ច្បាស់ពីតម្រូវការកម្ពុជា ហើយចិននឹងផ្តល់ការគាំទ្រ។

លោកបានថ្លែងបែបនេះ ក្នុងឱកាសស្ថានទូតចិនប្រចាំកម្ពុជា បានរៀបចំសន្និសីទសារព័ត៌មាន ស្តីពីលទ្ធផលដំណើរទស្សនកិច្ចផ្លូវរដ្ឋមកកម្ពុជា របស់លោក ស៉ី ជីនពីង ប្រធានាធិបតីចិន នៅថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៥នេះ។
បើតាមលោក វ៉ាង វិនពីង ក្រៅពីលើកឡើងពីការគាំទ្ររបស់ភាគីចិនលើគម្រោងព្រែកជីកហ្វូណនតេជោ លោកក៏បានរំលឹកថា អំឡុងពេលលោក ស៉ី ជីនពីង ទស្សនកិច្ចផ្លូវរដ្ឋនៅកម្ពុជា ក៏មានការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ កាលពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ ផងដែរ។
ឯកអគ្គរដ្ឋទូតចិន បានបញ្ជាក់យ៉ាងដូច្នេះ «យើងយល់យ៉ាងច្បាស់គម្រោងនេះ ជាសុបិន្តរបស់រដ្ឋាភិបាលប្រទេសកម្ពុជា។ ភាគីចិនយល់យ៉ាងច្បាស់ពីតម្រូវការ និងការយកចិត្តទុកដាក់របស់ភាគីកម្ពុជា ហើយនឹងបន្តផ្តល់ការគាំទ្រ។ ហើយក្នុងដំណើរទស្សនកិច្ចនេះ ភាគីយើងទាំងពីរ ក៏មានសហគ្រាសរបស់ប្រទេសចិន ដែលពាក់ព័ន្ធនឹងគម្រោងនេះក៏បានចុះហត្ថលេខានូវកិច្ចព្រមព្រៀមកិច្ចសហប្រតិបត្តិការជាមួយភាគីកម្ពុជា ហើយភាគីចិន នឹងបន្តការគាំទ្រ។ យើងយល់ឃើញថា នេះក៏បានបង្ហាញពីគោលបំណងនៃប្រទេសយើងទាំងពីរក្លាយជាបង្អែកយុទ្ធសាស្ត្រទៅវិញទៅមក»។
សូមជម្រាបថា កិច្ចព្រមព្រៀង និងកិច្ចសន្យាទាំង ៥ ពាក់ព័ន្ធនឹងគម្រោងគ្រប់គ្រងធនធានទឹកចម្រុះហ្វូណនតេជោ ដែលត្រូវបានប្រារព្ធពិធីចុះហត្ថលេខា រួមមានដូចជា៖ (១) កិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន ដែលមានលោក ស៊ុន ចាន់ថុល ដោយទទួលបានសិទ្ធប្រទានធ្វើជាតំណាងភាគីរាជរដ្ឋាភិបាលកម្ពុជា ចុះហត្ថលេខាជាមួយលោក អៀង ស៊ុនលី តំណាងក្រុមហ៊ុនហ្វូណនតេជោ ខូសថល-អ៊ីនឡេន វ័រធើវេយ ឯ.ក (២)កិច្ចព្រមព្រៀងម្ចាស់ភាគហ៊ុន, (៣) កិច្ចព្រមព្រៀងវិនិយោគ, (៤) កិច្ចសន្យាវិស្វកម្មលទ្ធកម្ម និងសាងសង់ និង (៥) កិច្ចសន្យាប្រតិបត្តិការ និងការថែទាំ។
គម្រោងព្រែកជីកហ្វូណនតេជោ ត្រូវបានបានបើកការដ្ឋានសាងសង់ផ្លូវការកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ ដោយ៖
*ទី១- ត្រូវបានតភ្ជាប់ប្រព័ន្ធដៃទន្លេមេគង្គ និងផ្លូវសមុទ្រ ប្រវែងសរុបប្រមាណ ១៨០ គីឡូម៉ែត្រ។
*ទី២- គ្រោងចំណាយថវិកាសរុបប្រមាណ ១ ៧០០ លានដុល្លារអាមេរិក ជាប្រភេទគម្រោងវិនិយោគ BOT (Build-Operate-Transfer)។
*ទី៣- ទីតាំងគឺចាប់ពីព្រែកតាកែវ ឆ្លងកាត់ព្រែកតាឯក ចូលតាមព្រែកតាហ៊ីង និងបន្តរហូតដល់សមុទ្រខេត្តកែប។
*ទី៤- ឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។
*ទី៥- តាមការប៉ាន់ស្មាន មានចំនួនប្រជាជនសរុបប្រមាណ ១លាន៦សែននាក់ រស់នៅអមសងខាងព្រែកជីកនេះ និងទទួលផលពីព្រែកជីកនេះ។
*ទី៦- ព្រែកជីកនេះ មានទទឹងខាងលើ ១០០ម៉ែត្រ ទទឹងខាងក្រោម ៨០ម៉ែត្រ និងជម្រៅ ៥,៤ម៉ែត្រ៕
ខាងក្រោមនេះជាវិដេអូ៖
ផ្ដល់សិទ្ធិដោយ៖ Fresh News