ព័ត៌មានជាតិ April 21, 2025

សល់ចំហាយចូលឆ្នាំ ផ្លូវថ្មើរជើង (Walk Street) មានយុវវ័យ បន្តលែងល្បែងប្រជាប្រិយ៍ រាំលេងកំសាន្ត និងមានរៀបចំឱ្យមានរបាំបុរាណនារីកម្ពុជា, សម្តែងក្បាច់ល្បុក្កតោ មានប្រជាពលរដ្ឋយ៉ាងច្រើនកកកុញទស្សនា

Liny Chan

(ភ្នំពេញ)៖ នារាត្រីថ្ងៃសៅរ៍-អាទិត្យ ទី១៩-២០ មេសា នៅលើផ្លូវថ្មើរជើង (Walk Street) មានរៀបចំឱ្យមានរបាំបុរាណ នារីកម្ពុជា ហើយសំរាប់រាត្រីថ្ងៃអាទិត្យវិញ មានសម្តែងក្បាច់ គុនល្បុក្កតោ។ បន្ថែមពីនេះ ដោយសារនៅសល់ចំហាយពីបុណ្យចូលឆ្នាំថ្មី នាថ្ងៃសៅរ៍ ទី១៩ មេសា នេះដែរ ក៏មានប្អូនៗយុវវ័យ បានបន្តលែងល្បែងប្រជាប្រិយ៍ និងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) យ៉ាងច្រើនកកកុញផងដែរ។ នេះបើតាមការឱ្យដឹងពីលោកស្រី ដោ សម្ផស្ស នាយករងរដ្ឋបាល និងជាអ្នកនាំពាក្យសាលារាជធានីភ្នំពេញ កាលពីរាត្រីថ្ងៃអាទិត្យ ទី២០ ខែមេសា ឆ្នាំ២០២៥។

លោកស្រីបន្តថា នៅថ្ងៃអាទិត្យនេះ ម៉ោង៧យប់មាន របាំល្បុក្កតោ។ ប៉ុន្តែអ្វីដែលជាការកត់សំគាល់ នៅថ្ងៃសៅរ៍នេះដែរ មានបងប្អូនប្រជាពលរដ្ឋ ពិសេសយុវវ័យ នៅតែបន្តលែងល្បែងប្រជាប្រិយ៍របស់យើង ដូចជាលោតកៅស៊ូ លាក់កន្សែងនិងរាំលេងកំសាន្ត នៅផ្លូវថ្មើរជើង (Walk Street) មុខបរមរាជវាំងដដែល ដើម្បីអបអរសាទរ បុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩នេះ។

គួររំលឹកថា៖ តាមការចង្អុលបង្ហាញពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ផ្លូវថ្មើរជើង (Walk Street) តែងបានរៀបចំឱ្យមានការសម្តែងតន្ត្រីបុរាណ, មហោរី និងរបាំប្រពៃណី, រាំវង់, សៀករហ័សកម្ម, ចាបុីសហគមន៏, បណ្ណាល័យចល័ត។ល។ ពោលគឺពីមួយសប្តាហ៍ទៅមួយសប្តាហ៍ (Walk Street) តែងមានការផ្លាស់ប្តូររបាំប្រពៃណីជានិច្ច ជាមួយគ្នានេះ ការលក់ដូរចំណីអាហារ ក៏មានការកើនឡើងផងដែរ។

គួរបញ្ជាក់ថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យដំណើរការ២ថ្ងៃ ក្នុង១សប្ដាហ៍គឺថ្ងៃសៅនិងថ្ងៃអាទិត្យចាប់ពីម៉ោង៦ល្ងាច ដល់ម៉ោង១១យប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង៕ ផ្ដល់សិទ្ធិដោយ​៖ Fresh News