Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ត្រីថៃ ប្រកាសថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលើកពេល

    BY Liny Chan April 22, 2025
    នាយករដ្ឋមន្ត្រីថៃ ប្រកាសថាកិច្ចចរចាពាណិជ្ជកម្មជាមួយអាមេរិក ត្រូវបានលើកពេល

    (បាងកក)៖ នាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra បានឱ្យដឹងនៅថ្ងៃអង្គារ ទី២២ ខែមេសា ថាកិច្ចចរចាពាណិជ្ជកម្មរវាងថៃ និងសហរដ្ឋអាមេរិកដែលគ្រោងនឹងធ្វើឡើងនៅ ថ្ងៃទី២៣ ខែមេសា ត្រូវបានលើកពេល។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

    លោកស្រី Paetongtarn មិនបានបញ្ជាក់ពីហេតុផលនៃការលើកពេលកិច្ចចរចាពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិកនោះទេ។ ចំណែក អ្នកនាំពាក្យរដ្ឋាភិបាលថៃ លោក Jirayu Houngsub បាននិយាយថាឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីហិរញ្ញវត្ថុ លោក Pichai Chunhavajira ដែលជាប្រធានដឹកនាំក្រុមអ្នកចរចារបស់ថៃ នឹងផ្ដល់ព័ត៌មានលម្អិតនៅថ្ងៃអង្គារនេះ។

    គួរបញ្ជាក់ថា ថៃជាប្រទេសមួយស្ថិតក្នុងចំណោមបណ្ដាប្រទេសជាច្រើន ដែលកំពុងប្រឈមមុខនឹងការយកពន្ធគយកម្រិតខ្ពស់ពីសហរដ្ឋអាមេរិក។ លោក ត្រាំ បានប្រកាសយកពន្ធគយ ទៅវិញទៅមក ៣៦ភាគរយលើទំនិញនាំចូលពីថៃ។ តែការយកពន្ធកម្រិតខ្ពស់លើបណ្ដាប្រទេសជាច្រើនត្រូវបានលោក ដូណាល់ ត្រាំ ពន្យារពេល ៩០ថ្ងៃ ដើម្បីទុកផ្លូវសម្រាប់កិច្ចចរចា៕ ផ្ដល់សិទ្ធិដោយ៖​ Fresh News

    Share This Post: