Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន

    BY Liny Chan April 23, 2025
    នាយករដ្ឋមន្ត្រីកម្ពុជា និងថៃ ឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែន

    (ភ្នំពេញ)៖ នៅក្នុងឱកាសធ្វើសេចក្តីថ្លែងការណ៍រួមលើទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ នៅព្រឹកថ្ងៃទ២៣ ខែមេសា ឆ្នាំ២០២៥នេះ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ព ជាពិសេសបណ្តាកងអង្គភាពដែលឈរជើងនៅតាមបណ្តាព្រំដែនប្រទេសទាំងពីរ។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានបន្តថា ចំពោះវិស័យសន្តិសុខ កម្ពុជា និងថៃ បានឯកភាពគ្នា នៅក្នុងការបន្តសហការបន្ថែមដែលមានស្រាប់ នៅក្នុងនោះរួមមាន ការចែករំលែកព័ត៌មាន ដើម្បីប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការផ្សព្វផ្សាយព័ត៌មានក្លែងក្លាយ ការជួញដូរមនុស្ស និងការរត់ពន្ធទំនិញខុសច្បាប់។

    សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា៖ «កម្ពុជា សូមគូសបញ្ជាក់ពីសារៈសំខាន់នៃការកសាងព្រំដែនមួយ ប្រកបដោយសន្តិភាព ស្ថិរភាព វិបុលភាព យើងបានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការកងទ័ពជាពិសេសក្នុងចំណោមបណ្តាអង្គភាព ដែលឈរជើងនៅតាមបណ្តាព្រំដែន»

    ជាមួយគ្នានេះដែរ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បានឱ្យដឹងថា សម្តេច និងលោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា នាយករដ្ឋមន្រ្តីថៃ បានឯកភាពបន្តធ្វើការរួមគ្នា ដើម្បីជំរុញភាពជាដៃគូយុទ្ធសាស្ត្ររវាងប្រទេសទាំងពីរ ឱ្យឈានទៅដល់កម្រិតកាន់តែខ្ពស់ន្ថែមទៀត ដើម្បីនាំមកនូវកំណើន សុខុមាលភាព វិបុលភាពរួម សម្រាប់ប្រជាជាតិ និងប្រជាជនទាំងពីរ កម្ពុជា-ថៃ។

    ក្នុងឱកាសនោះដែរ លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា បានបញ្ជាក់ថា រាជរដ្ឋាភិបាលថៃ បានឯកភាព ដើម្បីជំរុញនូវកិច្ចសហប្រតិបត្តិការវិស័យយោធារវាងប្រទេសទាំងពីរ ឱ្យកាន់តែជិតស្និទ្ធ នៅគ្រប់កម្រិតដើម្បីរក្សាសន្តិភាព ស្ថិរភាព នៅតាមបន្ទាត់ព្រំដែនរួមរវាងកម្ពុជា និងថៃ។

    លោកស្រី ផេថងថាន ស៉ីណាវ៉ាត្រា ក៏បានថ្លែងអំណរគុណ សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះភាពជាដៃគូដ៏រឹងមាំរវាងកងកម្លាំងនគរបាល ការប្រឆាំងនឹងអំណើឆបោកតាមប្រព័ន្ធអនឡាញ ហើយនឹងបន្តសហការដើម្បីលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មនេះឱ្យអស់ពីតំបន់ព្រំដែនកម្ពុជា-ថៃ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: