Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    WHO ត្រូវកាត់បន្ថយការងារសកម្មភាព ចំពោះមុខការដកខ្លួនរបស់សហរដ្ឋអាមេរិក

    BY Liny Chan April 23, 2025
    WHO ត្រូវកាត់បន្ថយការងារសកម្មភាព ចំពោះមុខការដកខ្លួនរបស់សហរដ្ឋអាមេរិក

    (ហ្សឺណែវ)៖ ប្រមុខនៃអង្គការសុខភាពពិភពលោក (WHO) បាននិយាយថា ប្រតិបត្តិការ និងការងាររបស់ WHO នឹងត្រូវកាត់បន្ថយ ខណៈការផ្តាច់មូលនិធិរបស់សហរដ្ឋអាមេរិក ធ្វើឱ្យមានកង្វះខាតថវិកាក្នុងចំនួនច្រើន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ ២០២៥។

    លោក Tedros Adhanom Ghebreyesus បានប្រាប់រដ្ឋសមាជិកដូច្នេះថា​ «ការធ្លាក់ចុះផ្នែកថវិកាភ្លាមៗ ធ្វើឱ្យយើងខ្វះខាតថវិកាសម្រាប់ផ្តល់ប្រាក់បៀវត្ស ហើយគ្មានជម្រើសអ្វីក្រៅពីកាត់បន្ថយទំហំការងារ និងកម្លាំងពលកម្ម»។ លោកបន្ថែមថា «ការបដិសេធបង់វិភាគទានឆ្នាំ ២០២៤-២០២៥ ពីសហរដ្ឋអាមេរិក រួមជាមួយការកាត់បន្ថយជំនួយអភិវឌ្ឍផ្លូវការ ដោយប្រទេសមួយចំនួនទៀត មានន័យថា យើងកំពុងប្រឈមមុខ នឹងកង្វះខាតលទ្ធភាពបើកប្រាក់បៀវត្ស សម្រាប់ឆ្នាំ ២០២៦-២០២៧ ដែលមានចំនួនចន្លោះពី ៥៦០ទៅ ៦៥០លានដុល្លារឯណោះ»

    គួរបញ្ជាក់ថា សហរដ្ឋអាមេរិក បានផ្តល់ថវិកាចំនួន ១.៤ពាន់លានដុល្លារដល់ WHO នៅឆ្នាំ២០២២ ដល់ឆ្នាំ២០២៣ ប៉ុន្តែមិនបានផ្តល់វិភាគទានសម្រាប់ឆ្នាំ ២០២៤ នោះទេ ហើយគេក៏មិនរំពឹងថានឹងមានវិភាគទានសម្រាប់ ២០២៥នេះដែរ។ ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសុខភាពនៃអង្គការសហប្រជាជាតិមួយនេះ ក៏ត្រូវត្រៀមលក្ខណៈសម្រាប់ការដកខ្លួនចេញទាំងស្រុង របស់សហរដ្ឋអាមេរិកផងដែរ៕ ផ្ដល់សិទ្ធដោយ៖ Fresh News

    Share This Post: