៤ខែឆ្នាំនេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស
(ភ្នំពេញ)៖ រយៈពេល៤ខែ ពោលចាប់ពីខែមករា រហូតដល់ខែមេសា ឆ្នាំ២០២៥នេះ កម្ពុជាទទួលបានចំណូលជាង២២លានដុល្លារ ពីការលក់បណ្ណចូលទស្សនារមណីដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្នៀស។

នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបានពីគ្រឹះស្ថានអង្គរ នៅថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥។
៤ខែ ឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ៤៧៤,៨១០នាក់ កើន១២.៦៨% និងទទួលបានចំណូល ២២,២០៨,៨១០ដុល្លារអាមេរិក កើនឡើង១១.៥០% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។
៤ខែ ឆ្នាំ២០២៥នេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា បានចំនួនសរុប ៩៤៩,៦២០ដុល្លារអាមេរិក ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
សូមជម្រាបថា ឆ្នាំ២០២៤ មានភ្ញៀវទេសចរបរទេសចំនួន ១ ០២៣ ៦៨៨នាក់ បានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើងជាង ២៨ភាគរយ បើធៀបនឹងឆ្នាំ២០២៣ មានតែ ៧៩៨ ០៦៩នាក់។ សម្រាប់ចំណូលពីការលក់បណ្ណវិញមានចំនួន ៤៧ ៨២៦ ៩៨១ ដុល្លារអាមេរិក កើនជាង ២៨ភាគរយ បើធៀបឆ្នាំ២០២៣ មានចំនួន៣៧ ១៩៨ ៩៨៨ដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News


