ព័ត៌មានជាតិ May 3, 2025

រញ្ជួយដី ៧.៤ រ៉ិចទ័រ ក្បែរប្រទេសឈីលី បង្កការព្រមានរលកស៊ូណាមិ និងជម្លៀសពលរដ្ឋ

Liny Chan

(សាន់ត្យាហ្គោ)៖ គ្រោះរញ្ជួយដីដ៏ខ្លាំងមួយកម្រិត ៧.៤ រ៉ិចទ័រ បានវាយប្រហារតំបន់ Drake Passage ដែលនៅចន្លោះចុងទ្វីបអាមេរិកខាងត្បូង និងទ្វីបអង់តាក់ទិក ក្នុងជម្រៅរាក់ត្រឹមតែ ១០គីឡូម៉ែត្រ កាលពីថ្ងៃសុក្រ ទី២ ខែឧសភា បានបង្កឲ្យមានការគំរាមកំហែងពីរលកយក្សស៊ូណាមិ និងការបញ្ជាឲ្យជម្លៀសប្រជាជនចេញពីតំបន់ឆ្នេរនៃតំបន់ Magallanes ភាគខាងត្បូងបំផុតរបស់ឈីលី។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters។

ទីភ្នាក់ងារ​គ្រោះមហន្តរាយ SENAPRED របស់​ឈីលី បាន​ចេញ​បញ្ជា​ឲ្យ​មាន​ការ​ជម្លៀស​ប្រជាជនចេញ ខណៈ​ដែល​ប្រធានាធិបតី លោក Gabriel Boric បាន​សរសេរ​លើ​បណ្ដាញ​សង្គម X ថា «យើង​កំពុង​អំពាវនាវ​ឲ្យ​ជម្លៀស​ប្រជាជន​ចេញ​ពី​ឆ្នេរសមុទ្រ​ក្នុង​តំបន់ Magallanes ទាំងមូល»។ ទន្ទឹម​នឹង​នេះ វិទ្យាស្ថាន​អង់តាក់ទិក​ឈីលី (INAHC) បាន​ប្រាប់ Reuters ថា មូលដ្ឋាន​នៅ​តំបន់​អង់តាក់ទិក​ក៏​កំពុង​ត្រូវ​បាន​ជម្លៀស​ចេញ​ដែរ។

សេវាជលសាស្ត្រ និងមហាសមុទ្រឈីលី (SHOA) បាន​ព្រមាន​ថា រលកស៊ូណាមិអាចនឹងទៅដល់មូលដ្ឋាននៅអង់តាក់ទិក និងទីក្រុងនានានៅភាគខាងត្បូងបំផុតរបស់ឈីលី ក្នុងរយៈពេលប៉ុន្មានម៉ោងខាងមុខ។ រដ្ឋបាលមហាសមុទ្រ និងបរិយាកាសជាតិអាមេរិក (NOAA) បានព្យាករណ៍ថា រលកអាចមានកម្ពស់ពី ០.៣ ដល់ ១ម៉ែត្រ នៅអង់តាក់ទិក និងពី ១ ដល់ ៣ម៉ែត្រ នៅប្រទេសឈីលី។

គួរបញ្ជាក់ថា ប្រទេសឈីលី ស្ថិតនៅក្នុងតំបន់ដែលងាយរងគ្រោះដោយសារគ្រោះរញ្ជួយដី និងរលកស៊ូណាមិ ដោយសារទីតាំងរបស់ខ្លួននៅតាមបណ្តោយខ្សែក្រវាត់ភ្លើងប៉ាស៊ីហ្វិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News