Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    លោក ត្រាំ ចេញបញ្ជាប្រតិបត្តិ កាត់បន្ថយថវិកាសម្រាប់បណ្ដាញសារព័ត៌មាន NPR និង PBS, ចោទប្រកាន់ស្ថាប័នទាំងពីរនេះមានភាពលម្អៀង និងបក្ខពួកនិយម

    BY Liny Chan May 3, 2025
    លោក ត្រាំ ចេញបញ្ជាប្រតិបត្តិ កាត់បន្ថយថវិកាសម្រាប់បណ្ដាញសារព័ត៌មាន NPR និង PBS, ចោទប្រកាន់ស្ថាប័នទាំងពីរនេះមានភាពលម្អៀង និងបក្ខពួកនិយម

    (វ៉ាស៊ីនតោន)៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយ ដែលមានគោលបំណងកាត់បន្ថយថវិកាសហព័ន្ធសម្រាប់បណ្ដាញសារព័ត៌មានសាធារណៈ NPR និង PBS ដោយចោទប្រកាន់ស្ថាប័នទាំងពីរថាមានភាពលម្អៀង និងបក្ខពួកនិយម។ នេះបើយោងតាមសេចក្តីប្រកាសរបស់សេតវិមានកាលពីល្ងាចថ្ងៃព្រហស្បតិ៍ និងរាយការណ៍បន្តដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសុក្រ ទី២ ខែឧសភា ឆ្នាំ២០២៥។

    បទបញ្ជា​នេះ​បាន​ណែនាំ​ដល់​សាជីវកម្ម​សម្រាប់​ការ​ផ្សព្វផ្សាយ​ជា​សាធារណៈ (CPB) ដែល​ជា​អ្នក​ចែកចាយ​ថវិកា​សហព័ន្ធ ឲ្យ «បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ផ្ទាល់» ដល់ NPR និង PBS ក្នុង​កម្រិត​អតិបរមា​តាម​ដែល​ច្បាប់​អនុញ្ញាត និង​បដិសេធ​ការ​ផ្ដល់​មូលនិធិ​នា​ពេល​អនាគត។ បទបញ្ជា​នេះ​ក៏​មាន​គោលបំណង​បញ្ឈប់​ការ​ផ្ដល់​មូលនិធិ​ដោយ​ប្រយោល​ផង​ដែរ ដោយ​តម្រូវ​ឲ្យ CPB ធានា​ថា អ្នក​ទទួល​ជំនួយ​របស់​ខ្លួន ដូចជា​ស្ថានីយ​ក្នុង​ស្រុក មិន​ប្រើប្រាស់​ថវិកា​សហព័ន្ធ​សម្រាប់ NPR និង PBS ឡើយ។

    កន្លងមក ទាំង NPR និង PBS បានបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងរបស់លោក ត្រាំ ក្នុងការកាត់បន្ថយថវិការបស់ពួកគេ នឹងរំខានដល់សេវាសារព័ត៌មានដ៏សំខាន់ និងមាន «ផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ» ដល់ប្រជាជនអាមេរិកដែលពឹងផ្អែកលើពួកគេសម្រាប់ព័ត៌មានដែលអាចទុកចិត្តបាន ជាពិសេសក្នុងពេលមានគ្រាអាសន្ន។

    គួរបញ្ជាក់ថា នេះគឺជាការប៉ុនប៉ងចុងក្រោយបំផុតរបស់លោក ត្រាំ ក្នុងការប្រើប្រាស់ថវិកាសហព័ន្ធជាឧបករណ៍ដាក់សម្ពាធលើស្ថាប័នដែលលោកមិនយល់ស្រប។ រដ្ឋបាលរបស់លោកបានចោទប្រកាន់ស្ថាប័នអប់រំ និងប្រព័ន្ធផ្សព្វផ្សាយជាច្រើនថាមាននិន្នាការឆ្វេងនិយម និងលម្អៀង ហើយបានព្យាយាមកាត់បន្ថយថវិកា។ អ្នកតស៊ូមតិសិទ្ធិមនុស្សបានបង្ហាញក្តីបារម្ភអំពីសេរីភាពនៃការបញ្ចេញមតិ។

    កាលពីថ្ងៃចន្ទ CPB បានប្ដឹងសេតវិមាន បន្ទាប់ពីលោក ត្រាំ បានព្យាយាមបណ្ដេញសមាជិកក្រុមប្រឹក្សាភិបាលរបស់ខ្លួន ៣នាក់ក្នុងចំណោម ៥នាក់។ CPB គឺជាសាជីវកម្មមិនរកប្រាក់ចំណេញដែលបង្កើតឡើងដោយសភា និងផ្តល់ថវិកាដល់ស្ថានីយវិទ្យុ និងទូរទស្សន៍សាធារណៈជាង ១,៥០០។ មានរបាយការណ៍ថា សេតវិមានគ្រោងនឹងស្នើសុំសភាឲ្យលុបចោលថវិកា ១.១ពាន់លានដុល្លារសម្រាប់ CPB៕ ផ្ដល់សិទ្ធដោយ៖ Fresh News

    Share This Post: