Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    កម្ពុជា-អាមេរិក ត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នៅថ្ងៃទី១៤-១៥ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន

    BY Liny Chan May 3, 2025
    កម្ពុជា-អាមេរិក ត្រៀមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ នៅថ្ងៃទី១៤-១៥ ខែឧសភា នៅរដ្ឋធានីវ៉ាស៊ីនតោន

    (ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា និងអាមេរិក កំពុងត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ នារដ្ឋធានីវ៉ាស៊ីនតោន។ នេះបើតាមសេចក្តីប្រកាសរបស់អ្នកនាំពាក្យរាជរដ្ឋាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន។

    ការត្រៀមចរចាពាណិជ្ជកម្មដោយផ្ទាល់នេះ បានធ្វើឡើងបន្ទាប់ពី លក ស៊ុន ចាន់ថុល ឧបនាយក រដ្ឋមន្ត្រី និងជាអនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និង លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានដឹកនាំក្រុមការងារចំពោះកិច្ចសម្របសម្រួលទំនាក់ទំនងពាណិជ្ជកម្ម និងវិនិយោគទ្វេភាគី កម្ពុជា-អាម៉េរិក ជួបប្រជុំទ្វេភាគីតាមប្រព័ន្ធវីដេអូជាមួយ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ដឹកនាំដោយ លោកស្រី Sarah Ellerman អនុប្រធានតំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក ទទួលបន្ទុកតំបន់អាស៊ីអាគ្នេយ៍ និងប៉ាស៊ីហ្វិក នាព្រឹកថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥។

    កិច្ចប្រជុំពិភាក្សានេះ ផ្តោតសំខាន់លើវឌ្ឍនភាពការងារ និងការត្រៀមសម្រាប់ការចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការរវាងកម្ពុជានិងសហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តទៅដោយផ្ទាល់ នៅថ្ងៃទី១៤-១៥ ខែឧសភា ឆ្នាំ២០២៥ នារដ្ឋធានីវ៉ាស៊ីនតោន។

    អ្នកនាំពាក្យរាជរដ្ឋាភិបាល បានបញ្ជាក់បន្ថែមថា រាជរដ្ឋាភិបាលដែលមាន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជា នាយករដ្ឋមន្ត្រី នឹងបន្តធ្វើកិច្ចការងារនេះ ដោយយកចិត្តទុកដាក់បំផុត។

    សូមបញ្ជាក់ថា សហរដ្ឋអាមេរិក កាលពីថ្ងៃទី០២ ខែមេសា ឆ្នាំ២០២៥ បានដាក់ពន្ធលើប្រទេសនានាជាង២០០ប្រទេស នៅលើពិភពលោក។ ជាមួយគ្នានេះ អាមេរិកបានកំណត់យកពន្ធពីកម្ពុជាចំនួន ៤៩ភាគរយ ប៉ុន្តែពន្ធនេះអនុវត្តជាបណ្តោះអាសន្នត្រឹមតែ ១០ភាគប៉ុណ្ណោះ ក្នុងរយៈពេល៣ខែ គិតចាប់ពីថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៥ តទៅ។ ការដាក់ពន្ធរបស់សហរដ្ឋអាមេរិក ធ្វើឡើងក្រោមហេតុផលថា អតុល្យភាពទំហំពាណិជ្ជកម្ម ដោយប្រទេសទាំងនោះនាំចូលទៅសហរដ្ឋអាមេរិកច្រើនជាងសហរដ្ឋអាមេរិកនាំចេញត្រឡប់ទៅវិញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: