ក្នុងខែមេសា ឆ្នាំ២០២៥ គម្រោងវិនិយោគ៥៩ ក្រោមទុន៨៦០លានដុល្លារ ត្រូវបានអនុម័ត ដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
(ភ្នំពេញ)៖ គម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨៦០លានដុល្លារអាម៉េរិក ត្រូវបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្នុងខែមេសា ឆ្នាំ២០២៥។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៥។

សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា ក្នុងខែមេសា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគសរុប ប្រមាណ៨៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៣៩ពាន់ កន្លែង។
ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣២គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំងស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២៧គម្រោង។
ជារួម ការអនុម័តគម្រោងវិនិយោគមានការកើនឡើងចំនួន៣៧គម្រោង ស្មើនឹងប្រមាណ ១៦៨% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណជាង៥៥០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ១៧៨% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
ដោយឡែក នៅក្នុងរយៈពេល៤ខែនៃឆ្នាំ២០២៥នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានអនុម័តគម្រោងវិនិយោគចំនួន ២៣១គម្រោង ក្នុងទុនវិនិយោគមានប្រមាណ ៣.៤ពាន់លានដុល្លារអាម៉េរិក។
បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ចំនួនគម្រោងបានកើន ឡើងចំនួន ១០៣គម្រោង ស្មើនឹងប្រមាណ៨០% ខណៈទុនវិនិយោគបានកើនឡើងប្រមាណជាង ៨៥៦ លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ៣៤%៕ ផ្ដល់សិទ្ធិដោយ៖ Fresh News



