ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ត្រៀមប្រកាសដាក់ចេញគម្រោងចុះដោះស្រាយវិវាទជូនពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល
(ភ្នំពេញ)៖ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ រដ្ឋមន្ដ្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានត្រៀមប្រកាសដាក់ចេញនូវគម្រោង ក្នុងការចុះដោះស្រាយវិវាទជូនដល់ប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងតំបន់ដាច់ស្រយាល។ គម្រោងនេះ នឹងចាប់ផ្ដើមអនុវត្តនៅខែកក្កដា ឆ្នាំ២០២៥ខាងមុខ។

ការប្រកាសត្រៀមគម្រោងនេះ បានធ្វើឡើងក្នុងឱកាសដែលលោក កើត រិទ្ធ អញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១០ នៃ អ.ដ.ក. ដោយមានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. នាថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៥។
ផ្អែកតាមរយ:កិច្ចប្រជុំនេះ អ.ដ.ក. បានវាយតម្លៃខ្ពស់លេីវឌ្ឍនភាពការងាររបស់ អ.ដ.ក. និងបានឯកភាពជាគោលការណ៍ លេីការរៀបចំគម្រោងចុះដោះស្រាយវិវាទជូនប្រជាពលរដ្ឋ នៅតំបន់ជនជាតិដេីមភាគតិច និងតំបន់ដាច់ស្រយាល តាមរយៈការបង្កេីតឲ្យមាននូវការិយាល័យតំណាង អ.ដ.ក. នៅតាមបណ្តាខេត្តចំនួន៤ នៅភូមិភាគឦសាន ដើម្បីងាយស្រួលក្នុងការទទួលពាក្យបណ្ដឹងពីប្រជាពលរដ្ឋ។
សូមជម្រាបថា ក្នុងកិច្ចប្រជុំខាងលើនេះ ឧបនាយករដ្ឋមន្ដ្រី កើត រិទ្ធ ក៏បានពិនិត្យវឌ្ឍនភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំលេីកទី៩ និងលើកទី១០ នៃ អ.ដ.ក.ផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News













