កម្ពុជា-ថៃ បានឯកភាពគ្នារក្សាកងទ័ពម្ខាងៗចំនួន៥នាក់ ឈរជើងនៅប្រាសាទតាមាន់, ក្រសួងការពារជាតិ ច្រានចោល និងថ្កោលទោសជនអគតិមួយចំនួន ដែលចោទថា «កម្ពុជាដកទ័ពពីតំបន់ប្រាសាទតាមាន់»
(ភ្នំពេញ)៖ ក្រសួងការពារជាតិ បានច្រានចោល និងថ្កោលទោសយ៉ាងខ្លាំង ចុមពោះ ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ ជនអគតិមួយចំនួនដែលថា កម្ពុជាបានដកទ័ពចេញពីតំបន់ដែលខ្លួនកំពុងគ្រប់គ្រង ក្នុងដែនអធិបតេយ្យរបស់កម្ពុជា នៅតំបន់ប្រាសាទតាមាន់។

តាមសេចក្តីប្រកាសរបស់ក្រសួងការពារជាតិ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២៥នេះ ក្រសួងការពារជាតិ ចាត់ទុកថា ការចោទប្រកាន់នេះ គឺជាចេតនាដ៏អាក្រក់ មានគោលបំណងញុះញង់ បំបែកបំបាក់ផ្ទៃក្នុងជាតិ និងទំនាក់ទំនងល្អជាមួយប្រទេសជិតខាង។
បើតាមការបញ្ជាក់របស់ក្រសួងការពារជាតិ, កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៥ គណៈប្រតិភូជាន់ខ្ពស់នៃកងយោធពលខេមរភូមិន្ទ និងក្រសួង ស្ថាប័នពាក់ព័ន្ធ បានចូលរួមកិច្ចប្រជុំ គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ(GBC) លើកទី១៧ នៅរាជធានីបាងកក ព្រះរាជាណាចក្រថៃ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងរដ្ឋមន្ត្រីការពារជាតិថៃ បានឯកភាពគ្នាឈរលើស្មារតីមិត្តភាព ក្នុងការរក្សាស្ថានភាពដើម ដោយរក្សាទីតាំងឈរជើងរបស់កងកម្លាំងរៀងខ្លួន នៅទីតាំងដដែលតាមបណ្តោយព្រំដែន។
ភាគីទាំងពីរនៅតែរក្សាការឈរជើងជាសហភាគីនៅប្រាសាទតាមាន់ ដោយភាគីម្ខាងៗរក្សាកងកម្លាំងចំនួនប្រាំនាក់។ ភាគីទាំងពីរ ពុំបានលើកឡើងពីការដកកម្លាំងទ័ពចេញពីប្រាសាទតាមាន់ទេ ប៉ុន្តែបាន ប្តេជ្ញាបន្តការប្រាស្រ័យទាក់ទងគ្នាជាធម្មតា និងជូនដំណឹងគ្នាទៅវិញទៅមកឱ្យបានជាប់លាប់ជាប្រចាំ សំដៅ បង្ការរាល់ការប៉ះទង្គិច ឬការយល់ច្រលំណាមួយ ដែលអាចកើតឡើងជាយថាហេតុ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

