ព័ត៌មានជាតិ May 12, 2025

នាវាកងទ័ពជើងទឹករបស់ចិនពីរគ្រឿង មកដល់កម្ពុជា ត្រៀមចូលរួមធ្វើសមយុទ្ធនាគមាសឆ្នាំ២០២៥

Liny Chan

(ព្រះសីហនុ)៖ នៅព្រឹក​ថ្ងៃចន្ទ ទី១២ ខែឧសភា ឆ្នាំ២០២៥នេះ នាវា​កង​ទ័ពជើងទឹកចិនចំនួនពីរគ្រឿង គឺនាវា០៧១ និងលេខ៩៨៩ បានចូល​ចត​​នៅកំពង់ផែលេខ១ មូលដ្ឋានសមុទ្ររាម ប្រកបដោយសុវត្ថិភាព។ នាវាទាំងពីរគ្រឿង បាន​ដឹក​កម្លាំង​ និង​សម្ភារៈ​ បរិក្ខា​រសិក​មួយចំនួន ដើម្បីចូល​រួម​ធ្វើ​សមយុទ្ធនាគមាសឆ្នាំ២០២៥។

ការមក​ដល់​នៅកំពង់ផែរាម​ របស់នាវា​កងទ័ព​ជើង​ទឹក​ចិន​នាឱកាលនេះ​ ត្រូវ​បាន​ទទួល​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​សំណាក់​លោកឧត្តម​សេនីយ៍​ទោ​ ប៉ែន​ សុក្រឹត​វិទ្យា​ នាយ​ទីចាត់ការ​ហ្វឹកហ្វឺន​តំណាង​នាយ​ឧត្ដមសេនីយ៍​ វង្ស ពិសេន អគ្គមេបញ្ជាការ​កងយោធពលខេមរភូមិន្ទ​ ព្រមទាំង​នាយ​នាវី​មូលដ្ឋាសមុទ្រ​ចំនួន​៧០រូប​ និង​ក្រុម​ការងារ​សម្របសម្រួល​ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​២០២៥​ របស់​កម្ពុជា​។

ដោយ​ឡែក​ប្រតិភូ​ចិន​ ដឹកនាំ​ដោយ​លោក​ឧត្ដមសេនីយ៍​ទោ​ LYU Guangkun​ ឧបការី​ នាយ​សេនាធិការ​យោធភូមិភាគ​ខាងត្បូង​កងទ័ព​រំដោះ​ប្រជាជន​ចិន​ និងជា​ប្រធានក្រុមការងារ​ ដឹកនាំ​ធ្វើ​សមយុទ្ធ​នាគ​មាស​​របស់​ភាគី​ចិន​ អមដោយ​ វរនាវីឯក​ chen yue long មេបញ្ជា​ការ​នាវាវរនាវីឯក​ jia jian rong មេបញ្ជាការនយោបាយ​ នាវា​៩៨៩។

សូមបញ្ជាក់ថា នៅឆ្នាំ២០២៥នេះ កងយោធពលខេមរភូមិន្ទ និងកងទ័ព​រំដោះប្រជាជនចិន បន្តធ្វើសមយុទ្ធនាគមាស ក្រោមប្រធានបទ «ប្រតិ​បត្តិ​ការប្រឆាំងភេរកម្មរួមគ្នា និងការងារសង្គ្រោះមនុស្សធម៌»។

សមយុទ្ធនាគមាសឆ្នាំ២០២៥នេះ នឹងចាប់ផ្តើមនៅថ្ងៃទី១៤ ដល់ថ្ងៃទី​២៨ ខែឧសភា។ សមយុទ្ធនេះ មានទាំងជើងគោក ជើងទឹក និងជើង​អាកាស។ សមយុទ្ធនេះធ្វើឡើងនៅពីរទីតាំង រួមមាន៖ សមយុទ្ធលើ​គោក និងអាកាស​ធ្វើឡើង​នៅ​មជ្ឈមណ្ឌល​ហ្វឹក​ហ្វឺនកងរាជអាវុធហត្ថ (ភ្នំជុំសែនរីករាយ) ខេត្តកំពង់ឆ្នាំង។ រីឯសមយុទ្ធសមុទ្រ និងអាកាស នៅលើ​ផ្ទៃសមុទ្រ និងដែនអាកាសកម្ពុជា ក្នុងតំបន់ខេត្តព្រះសីហនុ។

កងកម្លាំងចូលរួមក្នុងសមយុទ្ធនេះ មានចំនួនជាង២ពាន់នាក់។ ក្នុងនោះកងទ័ពកម្ពុជា មានចំនួន ១,៣៣១នាក់ និងរីឯកងទ័ពរំដោះប្រជាជនចិន មានចំនួន ៨៤៥នាក់។ សម្រាប់សព្វាវុធ គ្រឿងបំពាក់ចូលរួមសមយុទ្ធភាគីកម្ពុជា ប្រើប្រាស់​កាំភ្លើងធំ កាំភ្លើងត្បាល់ រថពាសដែក រថយន្តសង្គ្រោះ នាវា ឧទ្ធម្ភាគ​ចក្រ និងអាវុធមួយចំនួនទៀត។

ភាគីចិនប្រើប្រាស់កាំភ្លើងធំ ប្រតិកម្មលើរថយន្ត កាំភ្លើងត្បាល់ យន្ត​យុទ្ធ​កង់កៅស៊ូ រថពាសដែកកង់ច្រវ៉ាក់ រថយន្តដឹកនាំបញ្ជា C5 គ្រឿង យន្តគ្មានមនុស្សបើក មនុស្សយន្តប្រភេទវះកាត់ ឆ្កែយន្ត ឧទ្ធម្ភាគចក្រ នាវាចម្បាំង នាវាបុកឡើងគោក ដ្រូនស៊ើបការណ៍ ដ្រូនវាយលុក អាវុធធុនស្រាល រួមនឹងបរិក្ខារស៊ើបការណ៍ បរិក្ខារសុខាភិបាល សម្ភារ​បំផ្ទុះ និងគ្រាប់រំសេវមួយចំនួនទៀត៕ ផ្ដល់សិទ្ធិដោយ៖ Fresh News