ព័ត៌មានជាតិ May 16, 2025

នាយករដ្ឋមន្ត្រីអង់គ្លេស៖ លោក ពូទីន ត្រូវតែប្រឈមនឹងផលវិបាក សម្រាប់ការគេចវេសកិច្ចចរចាសន្តិភាព

Liny Chan

(ឡុងដ៍)៖ នាយករដ្ឋមន្ត្រីអង់គ្លេស លោក Keir Starmer បាននិយាយថាប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀ ពូទីន ត្រូវតែប្រឈមនឹងផលវិបាក សម្រាប់ការគេចវេសពីកិច្ចចរចាសន្តិភាពជាមួយអ៊ុយក្រែន នៅមុន កិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសអាល់បានី នៅថ្ងៃសុក្រ ទី១៦ ខែឧសភា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។

នៅក្នុងសេចក្ដីថ្លែងការណ៍មួយចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍ ទី១៥ ខែឧសភា លោក Starmer បានគូសបញ្ជាក់ដូច្នេះថា «តាក់ទិករបស់លោក ពូទីន ដើម្បីកេងចំណេញ និងពន្យារពេល ខណៈនៅតែបន្តសម្លាប់ និងបង្កការបង្ហូរឈាមនៅទូទាំងអ៊ុយក្រែន គឺជារឿងមិនអាចអត់ឱនឱ្យបានឡើយ»។ លោកបន្ថែមទៀតថាបទឈប់បាញ់ពេញលេញមួយត្រូវតែទទួលបានការឯកភាព ហើយប្រសិនបើរុស្ស៉ីមិនមានឆន្ទៈដើម្បី ចូលរួម ក្នុងកិច្ចចរចាទេ នោះលោក ពូទីនត្រូវតែប្រឈមនឹងផលវិបាក។

កិច្ចប្រជុំសហគមន៍នយោបាយអឺរ៉ុប ក្នុងប្រទេសអាល់បានី នៅថ្ងៃសុក្រសប្ដាហ៍នេះ ធ្វើឡើងចំថ្ងៃតែមួយដែលកិច្ចចរចារវាងអ៊ុយក្រែន និងរុស្ស៉ីត្រូវបានគេរំពឹងថានឹងត្រូវធ្វើឡើងនៅក្នុងទីក្រុង Istanbul ប្រទេសតួកគី។ ប៉ុន្តែទាំងលោក ពូទីន និងលោក ហ្សេលេនស្គី មិនត្រូវបានគេរំពឹងថានឹងចូលរួមក្នុងកិច្ចចរចានេះនោះទេ ខណៈរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio ក៏មិនរំពឹងដែរថាកិច្ចចរចានេះអាចនឹងសម្រេចបាន លទ្ធផលជាដុំកំភួន៕ ផ្ដល់សិទ្ធិដោយ៖ Fresh News