Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    មនុស្ស៤នាក់បាត់បងជីវិតនៅវៀតណាម ក្រោយទឹកជំនន់បង្កជាគ្រោះរអិលបាក់ដី

    BY Liny Chan May 19, 2025
    មនុស្ស៤នាក់បាត់បងជីវិតនៅវៀតណាម ក្រោយទឹកជំនន់បង្កជាគ្រោះរអិលបាក់ដី

    (ហាណូយ)៖ អាជ្ញាធរវៀតណាមបានឱ្យដឹងនៅថ្ងៃចន្ទ ទី១៩ ខែឧសភាថា គ្រោះរអិលបាក់ដីមួយកើតមានឡើងក្រោយទឹកជំនន់ នៅតំបន់ជួរភ្នំភាគខាងជើងប្រទេស បានផ្តាច់ជីវិតមនុស្ស៤នាក់ ហើយការព្យាករបានព្រមានថា នឹងបន្តមានភ្លៀងធ្លាក់ខ្លាំងថែមទៀត។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

    គ្រោះរអិលបាក់ដីខាងលើ បានកើតឡើងកាលពីថ្ងៃអាទិត្យកន្លងទៅ នៅស្រុក Ba Be ខេត្ត Bac Kan បន្ទាប់ពីមានភ្លៀងធ្លាក់ជោគជាំ កាលពីថ្ងៃសៅរ៍។ ក្រោយហេតុការណ៍នោះ អាជ្ញាធរខេត្តបានណែនាំឱ្យប្រជាជនបង្កើនការប្រុងប្រយ័ត្នខ្ពស់ និងស្នើឱ្យពិនិត្យមើល​សុវត្ថិភាពជាបន្ទាន់ សម្រាប់សហគមន៍នៅតាមដងប្រឡាយ ទន្លេ ព្រមទាំងកន្លែងដទៃទៀត ដែលងាយរងគ្រោះបំណាក់ដី ហើយបើស្ថិត​ក្រោមហានិភ័យ ប្រជាជនចាំបាច់ត្រូវជម្លៀសទៅរកទីសុវត្ថិភាពភ្លាម។ ការព្យាករឧតុនិយមបានបង្ហាញថា ការធ្លាក់ភ្លៀងខ្លាំងនឹងបន្ត​នៅតំបន់ភាគខាងជើង និងភាគកណ្តាលប្រទេសវៀតណាម។

    គួរបញ្ជាក់ថា វៀតណាមជាប្រទេសមួយ ងាយរងគ្រោះដោយសារព្យុះត្រូពិក ដែលជារឿយៗបង្កជាគ្រោះទឹកជំនន់និងបំណាក់ដី​ដ៏អាក្រក់ៗ ប៉ុន្តែពួកវាភាគច្រើនវាយប្រហារលើវៀតណាម នៅចន្លោះខែមិថុនា និងខែវិច្ឆិកា។ កាលពីឆ្នាំទៅមិញ មនុស្ស៥១៤នាក់ បានបាត់បង់ជីវិតនៅប្រទេសអាស៊ានមួយនេះ ដោយសារគ្រោះធម្មជាតិ ខណៈតួលេខនោះគឺខ្ពស់ជាងឆ្នាំ២០២៣ ដល់ទៅ៣ដង។ ហេតុផលចម្បងមួយ គឺដោយសារនៅខែកញ្ញា ឆ្នាំ២០២៤ តំបន់ភាគខាងជើងវៀតណាម បានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរបំផុត ដោយព្យុះទីហ្វុងឈ្មោះ Yagi ដែលបានសម្លាប់មនុស្សរហូតដល់៣៤៥នាក់ និងបង្កការខូចខាតផ្នែកសេដ្ឋកិច្ចទំហំប្រហែល ៣.៣ពាន់លានដុល្លារអាមេរិក៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: