ព័ត៌មានជាតិ May 28, 2025

ផ្លូវថ្មើរជើង (Walk Street) នឹងត្រូវសម្ពោធជាផ្លូវការក្រោមអធិបតីភាព សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាថ្ងៃទី២១ ខែមិថុនាខាងមុខ

Liny Chan

(ភ្នំពេញ)៖ ផ្លូវថ្មើរជើង (Walk Street) គ្រោងនឹងបើកសម្ពោធជាផ្លូវការនាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត បន្ទាប់ពីបើកដំណើរការជាបណ្តោះអាសន្នអស់ជាង ៤ខែ ហើយទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ ដោយពួកគាត់មកដើរលេងកម្សាន្ដយ៉ាងកុះករ ជាមួយនឹងចំណីអាហារត្រូវបានរៀបចំកាន់តែសម្បូរបែបពីមួយសប្តាហ៍ទៅមួយសប្តាហ៍។

ការបញ្ជាក់ពីគម្រោង នៃការបើកសម្ពោធជាផ្លូវការ ផ្លូវថ្មើរជើង (Walk Street) នេះ បានធ្វើឡើងក្នុងកិច្ចប្រជុំជាមួយមន្ត្រីពាក់ព័ន្ធ នាព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥នេះ ក្រោមអធិបតីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅសាលារាជធានីភ្នំពេញ។

លោក ឃួង ស្រេង បានលើកឡើងថា ផ្លូវថ្មើរជើង (Walk Street) ក្រោយពីបានបើកឲ្យដំណើរការជាបណ្តោះអាសន្នប៉ុន្មានខែនេះ ពិតជាទទួលបានការគាំទ្រ និងពេញនិយមយ៉ាងខ្លាំង ពីសំណាក់ប្រជាពលរដ្ឋ និងភ្ញៀវជាតិ-អន្តរជាតិ។ ផ្លូវថ្មើរជើងនេះ នឹងបើកសម្ពោធជាផ្លូវការ នាថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ខាងមុខនេះ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោកជំទាវបណ្ឌិត។

លោកបញ្ជាក់ថា កិច្ចប្រជុំនេះធ្វើឡើង ដើម្បីពិភាក្សាក្នុងការជ្រើសរើសយកទីតាំង នៃការកាត់ខ្សែបូរណ៍សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ។ ការត្រៀមលក្ខណៈសព្វបែបយ៉ាង ទាំងកិច្ចការពារសន្តិសុខ សុវត្ថិភាពជូនថ្នាក់ដឹកនាំកំពូល ដោយគិតទាំងការរៀបចំ អនាម័យបរិស្ថាន ការសម្ដែងសិល្បៈក៏ឲ្យធំហើយល្អប្រសើរជាងមុន សំខាន់ទីតាំងលើផ្លូវថ្មើរជើងមាត់ទន្លេ (Walk Street) ដាច់ខាតត្រូវតែស្អាត មានបរិស្ថានល្អ។

លោក ឃួង ស្រេង បានបន្ថែមទៀតថា កិច្ចការងារនេះ នឹងត្រូវរៀបចំការប្រជុំច្រើនដងទៀត ជាមួយការរៀបចំក្រុមការងារដើម្បីរៀបចំការផ្សព្វផ្សាយព័ត៌មាន, ការបែងចែកភារកិច្ចគ្នាឲ្យបានច្បាស់លាស់, ការរៀបចំតុបតែងភ្លើងចម្រុះពណ៌ និងសំអាតបរិស្ថានជាដើម។

សូមជម្រាបថា ផ្លូវថ្មើរជើង (Walk Street) ត្រូវបានរដ្ឋបាលរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការសាកល្បងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៥ នៅរៀងរាល់ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ចាប់ពីម៉ោង១៨៖០០នាទី រហូតដល់ម៉ោង២៣៖០០នាទីយប់ នៅតាមបណ្តោយតីរវិថីព្រះស៊ីសុវត្ថិ ចាប់ពីវិថីបក្សីចាំក្រុង (ផ្លូវលេខ៩៤) រហូតដល់មុខព្រះបរមរាជវាំង ស្ថិតនៅក្នុងខណ្ឌដូនពេញ រាជធានីភ្នំពេញ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News