ព័ត៌មានជាតិ May 31, 2025

អាវុធហត្ថរាជធានីភ្នំពេញ ដាក់ឲ្យដំណើរការអគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី

Liny Chan

(ភ្នំពេញ)៖ អាវុធហត្ថរាជធានីភ្នំពេញ បានដាក់ឲ្យដំណើរការអគារទទួលពាក្យបណ្តឹងថ្មី ដើម្បីបម្រើប្រជាពលរដ្ឋឲ្យកាន់តែងាយស្រួល ស្របតាមការរីកចម្រើននៃសម័យកាលថ្មី។ បងប្អូនប្រជាពលរដ្ឋដែលត្រូវការអន្តរាគមន៍បន្ទាន់ ក៏ដូចជាដាក់ពាក្យបណ្ដឹងដោយផ្ទាល់ នៅអាវុធហត្ថរាធានីភ្នំពេញ ឥឡូវនេះគឺកាន់តែងាយស្រួល កាន់តែឆាប់រហ័ស និងកាន់តែកក់ក្តៅហើយ។

តាមរយៈផេកផ្លូវការ របស់លោកឧត្តមសេនីយ៍ឯក រ័ត្ន ស៊្រាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ នៅថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ បានបញ្ជាក់ថា «ដើរតាមសម័យកាលថ្មី បន្ថែមលើការទទួលបណ្តឹងបន្ទាន់២៤ម៉ោង តាមរយៈទូរស័ព្ទ Hotline 1291 ចំពោះបងប្អូនប្រជាពលរដ្ឋដែលត្រូវការដាក់ពាក្យបណ្តឹងដោយផ្ទាល់ នៅអាវុធហត្ថរាជធានីភ្នំពេញ ឥឡូវនេះកាន់តែ ងាយស្រួលបំផុត ដោយអង្គភាពបានដាក់ឲ្យដំណើរការ កន្លែងទទួលពាក្យបណ្តឹងនៅជាប់ក្លោងទ្វារចូលតែម្តង សំខាន់បន្ទប់ត្រូវបានរៀបចំឡើងយ៉ាងសមរម្យប្រកបដោយផាសុកភាព មានម៉ាស៊ីនត្រជាក់ មន្ត្រីជំនាញទទួលស្វាគមន៍ប្រកបដោយភាពរួសរាយរាក់ទាក់សម្ភារបម្រើសេវា និងរចនាបថតុបតែង មិនចាញ់ធនាគារឬសណ្ឋាគារលំដាប់ផ្កាយឡើយ ហើយការដាក់ពាក្យបណ្ដឹង គឺមិនមានការបង់ប្រាក់ដាច់ខាត»។

តាមរយៈការបង្ហោះសារមួយនេះ យើងអាចនិយាយបានថា ចំពោះបងប្អូនប្រជាពលរដ្ឋទូទៅ ដែលត្រូវការអន្តរាគមន៍ក៏ដូចជាដាក់ពាក្យបណ្ដឹងផ្ទាល់ ទៅកាន់អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ នឹងទទួលបានការបម្រើសេវាមិនខុសបំណងឡើយ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News