កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិជាង ៥២ម៉ឺននាក់ ចូលទស្សនារមណីយដ្ឋានអង្គរ ក្នុងរយៈពេល ៥ខែឆ្នាំនេះ
(ភ្នំពេញ)៖ ចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ កម្ពុជារកចំណូលបានជាង ២៤លានដុល្លារ ពីការលក់សំបុត្រជូនភ្ញៀវអន្តរជាតិ ជាង៥២ម៉ឺននាក់ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ កើនឡើង១១.៧១ភាគរយ បើធៀបនឹងឆ្នាំ២០២៤។ នេះបើយោងតាមរបាយការណ៍របស់គ្រឹះស្ថានអង្គរ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥នេះ។

គ្រឹះស្ថានអង្គរបានបញ្ជាក់ដែរថា ដោយឡែកគិតតែក្នុងខែឧសភា ភ្ញៀវអន្តរជាតិ ដែលបានទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ មានចំនួន ៥២ ៧៦៧ កើនឡើង ៣.៧១% ទទួលបានចំណូល ២.៣ លានដុល្លា កើនឡើង ៣.១០%។
ចំណែកការលក់បណ្ណចូលទស្សនានៅប្រាសាទកោះកែរ ក្នុងរយៈពេល៥ខែនេះ មានចំនួន ១១ ៤៩៩ នាក់ ទទួលបានចំណូល ១៧២ ៤៨៥ដុល្លារ។ ការសំបុត្រនៅប្រាសាទបេងមាលា រយៈពេល៥ខែ មានចំនួន ៧ ៥៥២ នាក់ ដោយទទួលបានចំណូល ៧៥ ៥២០ដុល្លារ។ ការលក់សំបុត្រនៅភ្នំក្បាលស្ពាន រយៈពេល៥ខែ មានចំនួន ៥៧០នាក់ ទទួលបាន២ ៨៥០ដុល្លារ និងការលក់សំបុត្រទូក រយៈពេល០៥ខែ ក្នុងឆ្នាំ២០២៥ មានចំនួន ៧៩២ ៩១៨ដុល្លារ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

