ព័ត៌មានជាតិ June 5, 2025

៥ខែ ឆ្នាំ២០២៥ ខេត្តតាកែវ មានរោងចក្រថ្មីចំនួន ២១កន្លែង ក្នុងទំហំវិយោគប្រមាណជាង ៦៩លានដុល្លាអាមេរិក

Liny Chan

(តាកែវ)៖ លោក ញ៉ែម ស្រស់ អភិបាលរងខេត្ត និងជាអនុប្រធានអនុគណៈកម្មាធិការវិនិយោគខេត្តតាកែវ នៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៥ បានបញ្ជាក់ថា ក្នុងរយៈពេល៥ខែ ដើមឆ្នាំ២០២៥នេះ មានរោងចក្រចំនួន ២១កន្លែង ត្រូវបានបង្កើតឡើងថ្មីៗនៅទូទាំងខេត្តតាកែវ ហើយបើគឹតពីទំហំទឹកប្រាក់នៃគម្រោងវិនិយោគ បង្កើតរោងចក្រនេះមានជាង ៦៩លានដុល្លារ។

ការលើកឡើងរបស់លោកបែបនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំពិភាក្សាលើសំណើសុំនាំចូលដោយពន្ធគយ និងអាករតម្លៃបន្ថែមជាបន្ទុករបស់រដ្ឋនូវ គ្រឿង ម៉ាស៊ីនសម្ភារ បរិក្ខាវត្ថុធាតុដើម និងវត្ថុធាតុដើមផ្សំ សម្រាប់បម្រើការងាររោងចក្រ នៅខេត្តតាកែវ។

នាឱកាសនោះលោក ញ៉ែម ស្រស់ បានថ្លែងថា ខេត្តតាកែវទទួលបានអ្នកវិនិយោគមកបណ្ដាក់ទុនរកស៊ីបើករោងចក្រចំនួន ២១កន្លែង នៅទូទាំងក្រុងស្រុកទាំង១០ក្នុងខេត្តតាកែវ ក្នុងទំហំទុនវិនិយោគជាង ៦៩លានដុល្លារ ដោយបានផ្ដល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋបានចំនួន ១៥,៥១៧នាក់។

បើតាមលោកអភិបាលរងខេត្តតាកែវ, កត្តាដែលនាំឲ្យខេត្តតាកែវ អាចស្រូបទាញអ្នកវិនិយោគ ចូលមកបណ្ដាក់ទុនក្នុងខេត្តតាកែវកាន់តែច្រើនឡើង ដោយសារខេត្តតាកែវមានសក្ដានុពលគ្រប់បែបយ៉ាង ជាពិសេសក្រោមការដឹកនាំ របស់លោកអភិបាលខេត្តតាកែវ វ៉ី សំណាង បានខឹតខំប្រឹងប្រែងធ្វើសកម្មភាពជាច្រើន ក្នុងការអូសទាញអ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុកឲ្យចូលមកបណ្ដាក់ទុន ដើម្បីធ្វើយ៉ាងណាឲ្យសេដ្ឋកិច្ចខេត្តមានភាពល្អប្រសើរ និងបង្កើតការងារជូនបងប្អូនប្រជាពលរដ្ឋ កាត់បន្ថយការចំណាកស្រុក ហើយភាពរីកចម្រើនទាំងអស់នេះក៏មានការចូលរួម ពីមន្រ្តីពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់រួមជាមួយបងប្អូនប្រជាពលរដ្ឋផងដែរ។

ជាមួយគ្នានេះ អភិបាលរងខេត្តតាកែវ ញ៉ែម ស្រស់ បានលើកឡើងផងដែរពីកត្តាសុខសន្តិភាព ស្ថិរភាពនយោបាយ ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបង្កការជឿទុកចឹត្តរបស់ក្រុមអ្នកវិនិយោគទុន អោយចូលមកបណ្ដាក់ទុនក្នុងប្រទេសកម្ពុជាកាន់តែច្រើនឡើងផងដែរ៕ ផ្ដល់សិទ្ធិដោយ៖ Fresh News