Khmerpress

ស្វែងរក

  • ព័ត៌មានជាតិ

    គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    BY Liny Chan June 10, 2025
    គម្រោងវិនិយោគចំនួន ៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ ៨១៦លានដុល្លារអាមេរិក ត្រូវបានចុះបញ្ជីដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា

    (ភ្នំពេញ)៖ ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥នេះ បានចេញសេចក្តីប្រកាសព័ត៌មានបញ្ជាក់ឱ្យដឹងថា ក្នុងខែឧសភា ឆ្នាំ២០២៥ ខ្លួនបានចុះបញ្ជីគម្រោងវិនិយោគចំនួន៥៩ ដែលមានទុនវិនិយោគសរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក។

    សេចក្ដីប្រកាសព័ត៌មាន បានបញ្ជាក់ថា «ក្នុងខែឧសភា ឆ្នាំ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចុះបញ្ជីគម្រោងវិនិយោគសរុបចំនួន៥៩គម្រោង ដែលមានទុនវិនិយោគ សរុបប្រមាណ៨១៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណ៤៤ពាន់កន្លែង»

    ក្នុងចំណោមគម្រោងវិនិយោគសរុប គម្រោងវិនិយោគដែលមានទីតាំងស្ថិតនៅក្រៅតំបន់សេដ្ឋកិច្ច ពិសេសមានចំនួន៣៨គម្រោង និងគម្រោងវិនិយោគ ដែលមានទីតាំង ស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសមាន ចំនួន២១គម្រោង។

    ក្នុងខែឧសភា ឆ្នាំ២០២៥នេះ ការចុះបញ្ជីគម្រោងវិនិយោគមានការកើនឡើងចំនួន៣៤គម្រោង ស្មើនឹងប្រមាណ ១៣៦% ខណៈទុនវិនិយោគមានការកើនឡើងប្រមាណ ៥៧០លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ ២៣១% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។

    គិតចាប់ពីខែមករា ដល់ខែឧសភា ឆ្នាំ២០២៥ ការចុះបញ្ជីគម្រោងវិនិយោគមានចំនួន ២៩០គម្រោង កើនឡើងចំនួន១៣៧គម្រោង ស្មើនឹងប្រមាណ៩០% ខណៈទុនវិនិយោគ មានចំនួនប្រមាណ ៤,២ពាន់ លានដុល្លារអាម៉េរិក កើនឡើងប្រមាណ ១,៤ពាន់លានដុល្លារអាម៉េរិក ស្មើនឹងប្រមាណ៥២% ធៀបនឹងរយៈ ពេលដូចគ្នាក្នុងឆ្នាំ២០២៤៕ ផ្ដល់សិទ្ធិដោយ៖ Fresh News

    Share This Post: