ព័ត៌មានជាតិ June 10, 2025

អភិបាលរដ្ឋ California ចោទថា ប្រធានាធិបតី ត្រាំ កំពុងប្រើអំណាចផ្តាច់ការ និងរិះគន់ការសម្រេចចិត្តបញ្ជូនទាហានម៉ារីន មកទីក្រុង LA បន្ថែមពីលើទ័ពឆ្មាំជាតិ

Liny Chan

(វ៉ាស៉ីនតោន)៖ អភិបាលរដ្ឋ California លោក Gavin Newsom បានថ្កោលទោស ការសម្រេចចិត្ត «បែបឡប់សតិ» របស់ប្រធានាធិបតី «ប្រើអំណាចផ្តាច់ការ» លោក ដូណាល់ ត្រាំ ក្នុងការបញ្ជូនកងទាហានម៉ារីនរាប់រយនាក់ មកកាន់ទីក្រុង Los Angeles (LA) បន្ទាប់ពីមានផ្ទុះបាតុកម្មប៉ុន្មានថ្ងៃមកនេះ ប្រឆាំងនឹងអាជ្ញាធរអន្តោប្រវេសន៍សហព័ន្ធ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នាថ្ងៃអង្គារ ទី១០ ខែមិថុនា ឆ្នាំ២០២៥។

លោក Newsom បានបង្ហោះសារលើបណ្តាញ X យ៉ាងដូច្នេះថា «ទាហានម៉ារីន បានបំពេញតួនាទីប្រកបដោយកិត្តិយស នៅក្នុងសង្រ្គាមជាច្រើន ដើម្បីការពារប្រជាធិបតេយ្យ។ ពួកគេមិនគួរណា ត្រូវបានដាក់ពង្រាយនៅលើទឹកដីអាមេរិកផ្ទាល់ ដើម្បីតទល់ជាមួយ​ជនរួមជាតិខ្លួនឯង ក្នុងគោលដៅបំពេញតាមក្តីស្រមៃឡប់សតិ របស់ប្រធានាធិបតីមួយរូប ដែលកំពុងប្រើអំណាចផ្តាច់ការ នោះឡើយ»

កាលពីថ្ងៃចន្ទ ក្រសួងការពារជាតិអាមេរិក បានប្រកាសថា នឹងដាក់ពង្រាយទាហានម៉ារីនប្រហែល ៧០០នាក់ ទៅកាន់ទីក្រុង LA បន្ទាប់ពីកងកម្លាំងឆ្មាំជាតិ២០០០នាក់ ត្រូវបានដាក់ពង្រាយ កាលពីថ្ងៃអាទិត្យ ដើម្បីបង្រ្កាបបាតុកម្ម ដែលផ្ទុះឡើងតាំងតែថ្ងៃសុក្រ​សប្តាហ៍មុន ហើយប្រែក្លាយទៅអំពើហិង្សាយ៉ាងវឹកវរ។ ក្រៅពីដាក់ពង្រាយទាហានម៉ារីន លោក ត្រាំ ក៏បានអនុញ្ញាតឱ្យបញ្ជូន ​ឆ្មាំជាតិ២០០០នាក់បន្ថែមទៀតមក LA ផងដែរ។

គួរបញ្ជាក់ថា លោក Newsom បានរិះគន់ថា ការដាក់ពង្រាយកងទ័ពឆ្មាំជាតិ មកកាន់ទីក្រុង LA គឺជារឿងខុសច្បាប់ ដែលបំពានលើអំណាចរបស់រដ្ឋ ហើយលោកបានដាក់ពាក្យបណ្តឹងប្រឆាំងទង្វើនេះ។ ដោយឡែក លោក Tom Homan ដែលប្រធានទទួលបន្ទុកដឹកនាំយុទ្ធនាការបង្រ្កាបអន្តោប្រវេសន៍ខុសច្បាប់របស់លោក ត្រាំ បាននិយាយថា លោក Newsom គួរតែត្រូវចាប់ខ្លួន ប្រសិនបើហ៊ានរារាំង វិធានការអនុវត្តច្បាប់អន្តោប្រវេសន៍។ លោក ត្រាំ បានគាំទ្រការលើកឡើងនេះ ដោយនិយាយថា «ខ្ញុំនឹងធ្វើ ប្រសិនបើខ្ញុំជា Tom។ ខ្ញុំគិតថាវាល្អ»៕ ផ្ដល់សិទ្ធិដោយ៖ Fresh News